ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំដើម្បីបន្តអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នៅថ្ងៃម្សិលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដោយមានវត្តមានចូលរួមពីអនុប្រធាន អគ្គលេខាធិការ សមាជិកអចិន្ត្រៃយ៍ អគ្គលេខាធិការរង រួមនិងសមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់គណៈវិស្វករកម្ពុជា អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន។ ពោលគឺ គណៈវិស្វករកម្ពុជា មិនត្រឹមតែជាអ្នកវាយតម្លៃសម្រាប់វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ដើម្បីចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងគោរមងារជាវិស្វករអាជីពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានផងដែរ។
ឯកឧត្តម ហេង សួរ បានស្នើដល់សមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សូមចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO) គណៈកម្មកាសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់។
បន្ថែមពីនេះ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាត្រូវរៀបចំ និងធ្វើវិសោធនកម្មបទដ្ឋានគតិយុត្តនានាឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន(MRAs)។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ គិតត្រឹមខែតុលា ឆ្នាំ២០២៤នេះ វិស្វករ ដែលចុះបញ្ជីឈ្មោះក្នុងគណៈវិស្វករកម្ពុជាសរុបចំនួន ៩,៣៦០នាក់៕