បង្ក្រាបក្រុមចោរឆ..ក់ចំនួន៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពសម្រេច ចំនួន៤លើក

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យ ចំនួន៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យត្រូវកម្លាំងជំនាញចាប់ខ្លួនបាននៅថ្ងៃទី០២ ខែវិច្ឆិកានៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំងនេះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកទ្រព្យសម្បត្តិ) ចំនួន០៤ករណី ក្នុងនោះមាននៅខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នោះ ទី១៖ឈ្មោះ អាត ឡៃហេង ហៅកទា, ទី២៖ឈ្មោះ ភ័ក្រ្ត ដូណា ហៅភូ និងទី៣៖ឈ្មោះ រិន សុវណ្ណារ័ត្ន ហៅកូ។ វត្ថុតាងចាប់យក ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ និងម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច២ ពណ៌ខៀវចាស់ (បិតស្កុតពណ៌ខ្មៅ) សេរីឆ្នាំ២០១៩ ព្រមទាំងផ្លាកលេខម៉ូតូ (ផ្លាកលេខកណ្តាល១AD-៣៦២០) ចំនួន០១បន្ទះ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង