ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា លើកទី៧១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត កំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការ តាមបណ្តាមន្ទីរស្ថាប័នជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋអញ្ជើញទៅដាក់កម្រងផ្កា គោរព វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី វីរបុរសអ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បី បុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅវិមានឯករាជ្យក្រុងកំពង់ឆ្នាំងក្នុងទិវា បុណ្យឯករាជ្យជាតិលើកទី៧១ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-២០២៤នេះ គឺជាខួប៧១ឆ្នាំ ដែល ប្រជាជាតិ កម្ពុជាទាំងមូលបានរំដោះខ្លួនទាំង ស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ របស់យើងផងដែរ។
ឯកឧត្តមបន្តថា ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនៃការ ដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរ សាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង ជា ទីតាំង និមិត្តរូបការដណ្តើមបានឯករាជ្យជាតិ។
សូមបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ក៏បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និង ប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើ ការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ឲ្យរួច ផុត ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

អត្ថបទដែលជាប់ទាក់ទង