ចិនព្រមានថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយ ក្នុងសារដំបូងក្រោយលោក Trump ជាប់ឆ្នោតឡើងវិញ

ចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានឹងមិនមាន “អ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម”ឡើយ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសន្យាការបញ្ឆេះសង្រ្គាមដំឡើងពន្ធថ្មីដ៏ធំលើការនាំចូលរបស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning)បាននិយាយថា ជាគោលការណ៍ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលមិនអំណោយផលដល់ពិភពលោកនោះឡើយ ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថានឹងប្រកាន់ជំហរកាន់តែតឹងរ៉ឹងលើប្រទេសចិនដោយសន្យាថានឹងដំឡើងពន្ធ៦០%លើទំនិញចិនទាំងអស់ដែលចូលសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែស្វែងរកវិធីមួយដើម្បីចុះសម្រុងគ្នានៅក្នុងសារមួយទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ។

ជោគជ័យរបស់លោកប្រធានាធិបតី Trump ឈានទៅរកយុគសម័យថ្មីនៃភាពមិនច្បាស់លាស់នៅក្នុងសហរដ្ឋអាមេរិកខ្លួនឯង និងពិភពលោក ហើយបានបង្ហាញពីការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានបែកបាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានភាពតានតឹងលើអ្វីៗគ្រប់យ៉ាងចាប់ពីពាណិជ្ជកម្មរហូតដល់បញ្ហាកោះតៃវ៉ាន់។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា នៅក្នុងសារដំបូងរបស់លោកទៅកាន់លោក Trump ចាប់តាំងពីអតីតប្រធានាធិបតីទទួលបានអាណត្តិទីពីរ លោក Xi បាននិយាយថា ប្រវត្តិសាស្រ្តបានបង្ហាញថាប្រទេសចិន និងសហរដ្ឋអាមេរិក ទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងប៉ះទង្គិចពីការប្រឈមដាក់គ្នា៕

អត្ថបទដែលជាប់ទាក់ទង