កម្ពុជាមានមហិច្ឆតាធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី-២០២៩ ប្រកបដោយភាពកក់ក្ដៅ និងបដិសណ្ឋារកិច្ចល្អ ដូចកាលស៊ីហ្គេម ឆ្នាំ២០២៣

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាមានមហិច្ឆតាធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ប្រកបដោយភាពកក់ក្ដៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ ដល់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្ដរជាតិ ដូចកាលកម្ពុជាធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែរ ។
ការគូសបញ្ជាក់នេះ ស្របពេលលោកឧបនាយករដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញចូលរួមបិទការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិ លើកទី២ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃសុក្រនេះ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ។ ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ នៃការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ហើយបានថ្លែងអំណរគុណ ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាជាតិ និងកីឡាករ-កីឡាការិនីមកពីតាមក្រសួង និងរាជធានី-ខេត្តទាំងអស់ ។
ឆ្លៀតឱកាសនោះ លោកឧបនាយករដ្ឋមន្ដ្រី បានរំលេចផងដែរថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ដែលទាមទាឲ្យកម្ពុជាត្រូវមានសមត្ថភាពពេញលេញលើគ្រប់ទិដ្ឋភាព និងមានធនធានចាំបាច់ និងគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីដ៏ធំនេះឲ្យបានល្អ និងរលូនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
លោកបន្ដថា «ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានមហិច្ឆតារៀបចំទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ សម្រាប់គ្រប់ប្រតិភូកីឡា និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ល្អបំផុត ក្នុងការចូលរួមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ដូចដែលកម្ពុជាធ្លាប់ទទួលបានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាននៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងមក» ៕

អត្ថបទដែលជាប់ទាក់ទង