លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ
នៅរសៀលថ្ងៃសុក្រ ៨កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីដល់លោក វង់ ឡូ ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមជាច្រើនរូប។
ថ្លែងក្នុងអង្គពិធី លោកជំទាវអនុរដ្ឋលេខាធិការមានប្រសាសន៍ថា ពិធីប្រកាសចូលកាន់មុខតំណែងនាថ្ងៃនេះគឺពិតជាមានសារសំខាន់ដែលបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះមន្ត្រីរាជការដែលមានគុណវុឌ្ឍិ សមត្ថភាព ស្នាដៃ ឆន្ទៈ និងខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់អភិបាលកិច្ច ប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈកាន់តែប្រសើរ។
ទន្ទឹមនឹងនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ លោក វង់ ឡូ ដែលទើបទទួលបានការតែងតាំងថ្មី សូមបន្តខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូនឱ្យអស់ពីកម្លាំងកាយចិត្ត និងបន្តដឹកនាំមន្ទីរឱ្យកាន់តែរីកចម្រើនថែមទៀត ដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។
សូមបញ្ជាក់ថា លោក វង់ ឡូ ត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ជំនួសលោក យូ ឡា ដែលត្រូវបានផ្ទេរភារកិច្ចឱ្យមកបម្រើការងារនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយមវិញ៕