លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ សួនឧស្សាហកម្មនេះ នឹងបង្កើតឱកាសការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងប្រមាណពី ៥ម៉ឺនទៅ ៦ម៉ឺននាក់។ នេះបើយោងតាមការលើកឡើងដោយ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ស្ថិតក្នុងភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា ការបង្កើតការងារជូនប្រជាពលរដ្ឋ ជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលផ្តើមចេញតាំងពីដើមអាណត្តិរបស់រាចរដ្ឋាភិបាលមក ដែលបានស្តែងចេញតាមរយៈសកម្មភាពរបស់សម្តេចធិបតីក្នុងអញ្ជើញជួបកម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូប នៅតាមបណ្តាខេត្តបន្តបន្ទាប់ និងការដាក់ចេញនូវអនុសាសន៍ដល់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញវិស័យនេះឱ្យមានការរីកចម្រើន ដោយផ្តោតការយកចិត្តទុកដាក់លើកំណើនការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រសរុបចំនួន ៤៤៣ កន្លែង មានកម្មករ កម្មការិនីសរុបជាង ១៧ម៉ឺននាក់ កំពុងធ្វើការ ជាមួយនឹងកំណើនរោងចក្រសហគ្រាសនេះ ខេត្តក៏បាននិងកំពុងជួបនូវកង្វះកម្លាំងពលកម្មប្រមាណជាងមួយម៉ឺននាក់ផងដែរ។ ការណ៍នេះ អាជ្ញាធរត្រូវបង្កើនការផ្សព្វផ្សាយ ដើម្បីស្វែងរកកម្លាំងពលកម្ម ពិសេសជូនដំណឹងទៅដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលតែងចំណាកស្រុកទៅធ្វើការងារនៅប្រទេសជិតខាងឱ្យបានដឹងពីឱកាសការងារនេះ។
ទន្ទឹមនេះដែរ ក្រសួងការងារ ក្រោមការគិតគូពីរាជ រដ្ឋាភិបាល ក៏បាននិងកំពុងបណ្តុះបណ្តាលកម្មករជំនាញបន្ថែម ដើម្បីបំពេញតម្រូវការនេះ ដែលតាមទស្សនៈវិស័យថា វិស័យឯកជនគឺជាដៃគូអភិវឌ្ឍដ៏សំខាន់និងមិនអាចខ្វះបាន ដោយផ្សារភ្ជាប់ទំនក់ទំនងល្អ និងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយភាពសម្បូរបែប និងការត្រៀមលក្ខណៈសម្បត្តិ និងមូលធនមនុស្សឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការទាក់ទាញ និងស្វាគមន៍វិនិយោគធំៗពីបរទេស៕

អត្ថបទដែលជាប់ទាក់ទង