អគ្គនាយករងពន្ធនាគារ ចុះពិនិត្យស្ថានភាពរស់នៅរបស់ជនជាប់ឃុំ និងជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងមណ្ឌលអប់រំកែប្រែទី៤
ភ្នំពេញ៖ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន កែវ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពរស់នៅរបស់ជនជាប់ឃុំ និងជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងមណ្ឌលអប់រំកែប្រែទី៤។
ក្នុងឱកាសនោះ ឯកឧត្តម អគ្គនាយករង បានថ្លែងនូវការកោតសរសើរដល់មន្រ្តីពន្ធនាគារខេត្តបាត់ដំបង, ខេត្តប៉ៃលិន និងមណ្ឌលអប់រំកែប្រែទី៤ ចំពោះការគ្រប់គ្រងមណ្ឌលបានល្អ ទាំងការងារសន្តិសុខ ការងារប្រតិបត្តិ និងកម្មវិធីបណ្តុះបណ្តាល។
ឯកឧត្តម អគ្គនាយករង បានមានប្រសាសន៍ថា ត្រូវបន្តអនុវត្តការងារឲ្យបានល្អបន្ថែមទៀត ក្នុងនោះត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារធានាសន្តិសុខសុវត្ថិភាព នៅពេលដែលនាំជនជាប់ឃុំទៅធ្វើពលកម្មខាងក្រៅបរិវេណពន្ធនាគារ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាពត្រូវតែមានបន្ទប់កាមេរ៉ាសុវត្ថិភាពសម្រាប់មន្ត្រីត្រួតពិនិត្យជាប្រចាំ។
ជាមួយគ្នានោះ ឯកឧត្តម អគ្គនាយករង ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗអំពីការងារគ្រប់គ្រងពន្ធនាគារ ព្រមទាំងបានលើកសរសើរ អំពីការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងពន្ធនាគារបានល្អប្រសើរ ៕