ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ «ទិវាឯករាជ្យជាតិ៩វិច្ឆិកា រំលឹកកម្ពុជា រួមគ្នារក្សាឱ្យបាននូវស្មារតី «ឯករាជ្យជាតិជាអមតៈ»
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) មានប្រសាសន៍ថា «ទិវាឯករាជ្យជាតិ៩វិច្ឆិកា» គឺមានអត្ថន័យសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប រួមទាំងយុវជនជំនាន់ក្រោយ ឱ្យមានស្មារតីរលឹកដឹងជាប្រចាំនូវដំណើរជាតិសំខាន់ៗរបស់យើង៖ ទី១. គឺត្រូវចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ ដែលបានធ្វើបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣ និងចងចាំនូវទស្សនវិជ្ជាមួយថា «ប្រជាជាតិមួយត្រូវមានឯករាជ្យពេញលេញលើគ្រប់វិស័យ»។ ទី២. «ស្មារតី៩វិច្ឆិកា» ដាស់ដល់ឧត្តមគតិយើងជាកូនខ្មែរគ្រប់គ្នាត្រូវតែប្តេជ្ញាបន្តថែរក្សាឯករាជ្យភាពដែលមានសព្វថ្ងៃ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីយើងបន្តមានសិទ្ធិស្វ័យសម្រេចពេញលេញលើជោគវាសនាអនាគតជាតិរបស់យើង។ និង ទី៣. «ស្មារតី៩វិច្ឆិកា» បញ្ជាក់ថា ប្រទេសមួយមិនត្រូវអនុញ្ញាតឱ្យ ឯករាជ្យនិងអធិបតេយ្យជាតិរបស់ខ្លួន ស្ថិតនៅក្រោមការបង្គាប់បញ្ជាឬការសម្រេចរបស់ប្រទេសណាមួយនោះជាដាច់ខាត។
ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តថា ដើម្បីថែរក្សាបាននូវ ស្មារតីឯករាជ្យជាអមតៈនេះ គឺត្រូវការការចូលរួមពីប្រជាជនគ្រប់ស្រទាប់ ទាំងមន្ត្រីរាជការជុំវិញរាជរដ្ឋាភិបាល ពីស្ថាប័នជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះមហាក្សត្រ។ នៅពេលកម្ពុជាមានឯករាជ្យអមតៈ នោះកម្ពុជាបន្តធានាបាននូវកំណើនសេដ្ឋកិច្ច វិបុលភាពនិង កិត្តិយសជាតិកម្ពុជាកាន់តែល្បីរន្ទឺលើគ្រប់វិស័យនៅលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ យើងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងការចូលរួមគាំទ្រផុសផុលរបស់ប្រជាជនគ្រប់ស្រទាប់ នោះនាវាកម្ពុជានឹងកាន់តែការរីកចម្រើនខ្ពង់ខ្ពស់ជាប្រាកដរៀងរហូត៕