បារាំង ផ្តល់ជំនួយវគ្គបណ្តុះបណ្តាល ក្នុងការកសាងសមត្ថភាពដល់កម្ពុជា
ភ្នំពេញ៖ លោក Jean-Michel DUMAZ អនុព័ន្ធយោធាបារាំង បានឯកភាពផ្តល់ជំនួយវគ្គបណ្តុះបណ្តាល ក្នុងការកសាងសមត្ថភាពដល់ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ ២០២៤-២០២៧ ក្នុងគម្រោង Global Ports Security(GPS)។
ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអនុញ្ញាតឱ្យលោក Jean-Michel DUMAZ អនុព័ន្ធយោធាបារាំង ទទួលបន្ទុកការការពារជនស៊ីវិល និងគ្រប់គ្រងវិបត្តប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Regional Civil Protection and Crisis Management Attaché in the Indo-Pacific Countries, French Embassy in Singapore) ចូលជួបពិភាក្សាការងារមួយចំនួន នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនេះដែរ លោក Jean-Michel DUMAZ បានបញ្ចាក់យ៉ាងដូច្នេះថា «ក្រោយកិច្ចពិភាក្សា ភាគីបារាំងបានឯកភាពផ្តល់ជំនួយវគ្គបណ្តុះបណ្តាល ក្នុងការកសាងសមត្ថភាពដល់ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ ២០២៤-២០២៧ ក្នុងគម្រោង Global Ports Security(GPS)»។
សូមជម្រាបដែរថា វគ្គបណ្តុះបណ្តាលក្នុងការកសាងសមត្ថភាពនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងធនធានមនុស្សដើម្បីឆ្លើយតបទាន់ពេលវេលានូវសន្តិសុខ និងសុវត្ថិភាពកំពង់ផែ ទៅលើអាវុធមហាប្រល័យរួមមាន អាវុធគីមី អាវុធជីវសាស្រ្ត អាវុធនុយក្លេអ៊ែរ និងអាវុធវិទ្យុសកម្ម ៕