លោក ពូទីន ចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយកូរ៉េខាងជើង ឱ្យក្លាយទៅជាច្បាប់ជាផ្លូវការ
(Reuters)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយស្ដីពីភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៉ីជាមួយកូរ៉េខាងជើង ក្នុងនោះដែលមានចែងពី ការការពារគ្នាទៅវិញទៅមក ឱ្យក្លាយទៅជាច្បាប់ជាផ្លូវការ។ នេះបើតាមក្រឹត្យមួយកាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សន្ធិសញ្ញាខាងលើត្រូវបានចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំនៃ ប្រទេសទាំង២ ក្នុងទីក្រុងព្យុងយ៉ាង។ ក្រោមសន្ធិសញ្ញានេះ ភាគីមួយនឹងត្រូវធ្វើអន្តរាគមន៍ ឬផ្ដល់ជំនួយយោធាដល់ភាគីម្ខាងទៀតដែលរងការវាយប្រហារ ឬការឈ្លានពាន ណាមួយ។ ព្រឹទ្ធសភារុស្ស៉ីបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញានេះនៅក្នុងសប្ដាហ៍នេះ ក្រោយរដ្ឋសភាបានអនុម័តកាលពីខែតុលាកន្លងទៅនេះ។ លោក ពូទីន បានចុះហត្ថលេខាលើ ក្រឹត្យមួយស្ដីពីសច្ចានប័ននេះដើម្បីសន្ធិសញ្ញាជាមួយកូរ៉េខាងជើងក្លាយជាច្បាប់ជាផ្លូវការ កាលពីថ្ងៃសៅរ៍។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានអះអាងថាកូរ៉េខាងជើងបានបញ្ជូនកងទ័ព ១១ ០០០នាក់ ទៅកាន់រុស្ស៉ី ហើយក្នុងចំណោមកងទ័ពទាំងនេះមាន មួយចំនួនបានស្លាប់ និងរងរបួស ក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk របស់រុស្ស៉ី។ ប៉ុន្តែ ខាងរុស្ស៉ីមិនទាន់ទទួលស្គាល់វត្តមានកងទ័ពកូរ៉េខាងជើង នោះទេ៕