សមត្ថកិច្ចបរិស្ថានខេត្តកំពង់ធំ បង្ក្រាបរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ
ខេត្តកំពង់ធំ៖ ក្រោមការណែនាំពីលោក តុប ក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ កម្លាំងបរិស្ថានស្នាក់ការអូរផ្អាវសហការជាមួយកម្លាំងស្នាក់ការច្រកតោល និងកម្លាំងស្នាក់ការបរិស្ថានព្រះអាទិត្យ បានចុះបង្ក្រាបរថយន្តមួយគ្រឿងដែលធ្វើការដឹកជញ្ជូនផលិតផលព្រៃឈើ។
ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅ យប់ ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុចស្ពានអូរល្អក់ (UTM542748 – 1443921) ស្ថិតក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក តុប ក្កដា បានបញ្ជាក់ថា ករណីនេះបានឃាត់រថយន្ត HYUNDAI ទំងន់ផ្ទុក ៥ តោន (ក្បាលពណ៌ស និងទ្រុងពណ៌បៃតង) ដែលមានស្លាកលេខភ្នំពេញ 3D-1918 ។ រថយន្តនោះបានដឹកជញ្ជូនឈើមូលប្រភេទកកោះចំនួន ២១ ដើម មានមុខកាត់ ៣០ ជុំ និងប្រវែង ៣ ម៉ែត្រ។ ជាមួយនឹងនេះ តៃកុងរថយន្តបានគេចខ្លួនបាត់។
វត្ថុតាងត្រូវបានរក្សាទុកនៅស្នាក់ការបរិស្ថានអូរផ្អាវ ដើម្បីបន្តនីតិវិធីកាន់តែជាក់លាក់៕