ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសម្ពោធសមិទ្ធិនានា នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះ ស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម

ភំ្នពេញ៖ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកងមាស បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធិនានា នៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះ ស្ថិតក្នុងឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស អភិបាលនៃគណៈអភិបាលស្រុកកងមាស សមាជិកក្រុមប្រឹក្សាស្រុក និងឃុំ មាតាបិតា អ្នកអាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស។ មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារចុះជួយស្រុកកងមាសទាំងអស់ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍស្រុកកងមាសនាពេលកន្លងមក ដោយក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនេះ ស្រុកកងមាសទាំងមូល ទទួលបាននូវការអភិវឌ្ឍជាច្រើនលើហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិឃុំ ដែលមានដូចជា ស្ពាន ផ្លូវថ្នល់ ផ្លូវដឹកកសិផល និងប្រឡាយទឹក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសាលារៀន ធនធានសិក្សា ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសអគារសិក្សាថ្មីនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយស្រណោះផ្ទាល់។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលស្រុកកងមាស ទទួលបានសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយអត្រាជាប់នៃស្រុកកងមាសទាំងមូលទទួលបាន ៩២% ច្រើនជាងអត្រាថ្នាក់ជាតិត្រឹម៧៥%។
ជាមួយនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធ បន្តអភិវឌ្ឍស្រុកកងមាសជាបន្តបន្ទាប់ទៀត ជួសជុល សាងសង់អគារសិក្សាបន្ថែម ជួយស្រុកកងមាសទទួលបានសេវាអប់រំប្រកបដោយដោយគុណភាព និងប្រសិទ្ធភាព ពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើនម៉ោងសិក្សា ពង្រឹងភាសាបរទេស ជាពិសេសប្រែក្លាយ មត្តេយ្យសិក្សា បឋមសិក្សា និងវិទ្យាល័យ នៅស្រុកកងមាស ឱ្យក្លាយទៅជាសាលារៀនគំរូ។
នៅក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភដល់សិស្សានុសិស្សចំនួន២០០នាក់ ដោយសិស្សម្នាក់ៗទទួលបាន៖ សៀវភៅ ២ក្បាល, ប៊ិច ២ដើម, ខ្មៅដៃ ២ដើម, ថ្នាំដុសធ្មេញ ១ និងច្រាសដុសធ្មេញ ១។ សម្រាប់សិស្សចំនួន៣៦នាក់ ដែលទទួលបានចំណាត់ថ្នាក់លេខ១ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភស្បែកជើងម្នាក់មួយគូ និងសម្រាប់គ្រូបង្រៀនវិញ ក៏ទទួលបានអាវយឺត អបអរសាទរទិវាគ្រូបង្រៀន ម្នាក់មួយអាវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង