ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំការចុះសិក្សាពិនិត្យទីតាំងសហគមន៍គោលដៅសម្រាប់អនុវត្តអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ
ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារត្រីវិស័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តមសហប្រធានក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះសិក្សាពិនិត្យទីតាំងសហគមន៍គោលដៅសម្រាប់អនុវត្តអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្បូងឃ្មុំ សៀមរាប និងខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានអញ្ជើញចុះពិនិត្យ និងសិក្សាស្វែងយល់នៅតាមទីតាំងសហគមន៍ដូចជា៖ ទី១)សហគមន៍ព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ទី២)សហគមន៍គោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទី៣)សហគមន៍សំបូរមានជ័យ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទី៤)សហគមន៍ស្រូវនាងអំ ស្រុកស្វាយលើ ខេត្តសៀមរាប និង ទី៥)សហគមន៍ប្រព័ន្ធធារាសាស្ត្រកង្ហត ស្រុកសង្កែ ខេត្តបាត់ដំបង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃការចុះសិក្សាពិនិត្យទីតាំងសហគមន៍គោលដៅនេះគឺដើម្បីប្រមូលព័ត៌មានបន្ថែម និងស្វែងយល់ពីគំនិតយោបល់របស់ប្រជាសហគមន៍ សម្រាប់ជាមូលដ្ឋានធ្វើសុពលភាពក្នុងការកំណត់យកទីតាំងសហគមន៍ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំអន្តរក្រសួងសម្រេច មុននឹងរៀបចំផែនការសកម្មភាពអនុវត្តនៃគម្រោងអន្តរាគមន៍ត្រីវិស័យ កសិកម្ម-ទឹក-ជនបទ៕