យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ហាយណាន អ៊ែរឡាញ ត្រូវតែបង្ខំចិត្តបត់ក្បាលត្រឡប់ថយក្រោយវិញជាបន្ទាន់ បន្ទាប់ពីយន្តហោះទើបតែហោះចេញមិនបានប៉ុន្មានផង ក៏ស្រាប់តែមានភ្លើងឆេះនៅក្នុងម៉ាស៊ីន

ទីក្រុងរ៉ូម៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន ហាយណាន អ៊ែរឡាញ (Hainan Airlines) ម៉ាកបូអ៊ីង ៧៨៧-៩ ឌ្រីមឡាញណឺ (Boeing 7897-9 Dreamliner) ត្រូវតែបង្ខំចិត្តបត់ក្បាលត្រឡប់ថយក្រោយវិញជាបន្ទាន់នៅអាកាសយានដ្ឋានទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីយន្តហោះទើបតែហោះចេញមិនបានប៉ុន្មានផងក៏ស្រាប់តែមានភ្លើងឆេះនៅក្នុងម៉ាស៊ីន។
យន្តហោះនេះត្រូវចាកចេញដំណើរទៅទីក្រុងស៊ឹនចិន ប្រទេសចិន ដោយពាំនាំទៅជាមួយនូវអ្នកដំណើរ២៤៩នាក់ និងបុគ្គ លិកបម្រើការនៅក្នុងយន្តហោះ១៦នាក់។ សំណាងល្អ យន្តហោះអាចចុះចតដោយសុវត្ថិភាពទាន់ពេលវេលាដោយគ្មាននរណាម្នាក់រងរបួស ឬស្លាប់ទេ។ ការស៊ើបអង្កេតបឋមបង្ហាញថាករណីអគ្គិភ័យនៅក្នុងម៉ាស៊ីនយន្តហោះទំនងជាបណ្ដាលមកពីសត្វបក្សីមួយក្បាលហោះចូលម៉ាស៊ីន។
ករណីនេះជារឿងធម្មតាទេ ហើយឧស្សាហ៍កើតមាននៅពេលយន្តហោះហោះឡើង ឬចុះចត។ តបទៅនឹងឧបទ្ទវហេតុនេះ ក្រុមហ៊ុនហាយណាន អ៊ែរឡាញ បានចេញលិខិតសូមអភ័យទោសចំពោះបញ្ហារំខាន និងបញ្ហារអាក់រអួលនៅក្នុងការធ្វើដំណើរ។ ក្រុមហ៊ុនទទួលស្គាល់ដូចការស៊ើបអង្កេតខាងលើនេះដែរថាប្រហែលជាមានសត្វបក្សីហោះចូលម៉ាស៊ីនយន្តហោះ។
ក្រុមហ៊ុនបញ្ជាក់បន្ថែមទៀតថាខ្លួនបានផ្ដល់ជូនអ្នកដំណើរនូវជម្រើសច្រើនយ៉ាង។ ពួកគាត់អាចឡើងជិះយន្តហោះផ្សេងបើនៅតែចង់បន្តដំណើរឱ្យបានឆាប់ទៅដល់គោលដៅរបស់ខ្លួន។ ឬមិនដូច្នេះទេ ពួកគាត់អាចនឹងស្នើសុំប្រាក់បង្វិលថ្លៃសំបុត្រយន្តហោះវិញគ្រប់ចំនួន។ សារព័ត៌មានខ្លះចុះផ្សាយថាករណីអគ្គិភ័យនេះកើតឡើងនៅម៉ាស៊ីនយន្តហោះខាងស្ដាំ។
បុគ្គលិកនៅក្នុងយន្តហោះប្រញាប់ចាត់វិធានការឆ្លើយតបយ៉ាងទាន់ចិត្ត។ ពួកគេបានសម្រេចចិត្តបង្ហូរសាំងយន្តហោះចោលកណ្ដាលសមុទ្រដើម្បីកុំឱ្យធ្ងន់យន្តហោះពេកនៅពេលចុះចតនៅក្នុងស្ថានភាពប្រថុចញ៉ុច។ លុះត្រាតែធ្វើដូច្នេះទើបអាចចុះចតដោយសុវត្ថិភាព។ បើហោះបានតែបន្តិច ហើយបណ្ដោយឱ្យសាំងនៅពេញយន្តហោះបែបនេះអាចនឹងផ្ទុះយន្តហោះនៅពេលចុះចត។
សាក្សីនិយាយថាយន្តហោះនេះបានចាកចេញដំណើរពីអាកាសយានដ្ឋានហ្វ៊ូមីស៊ីណូនៅម៉ោង៩:៥៥ព្រឹក ហើយបកក្រោយទៅរកអាកាសយានដ្ឋានដដែលនេះវិញនៅម៉ោង១១:០០។ គិតទៅហោះបានជាងមួយម៉ោង។ អ៊ីតាលីបានដាក់ពង្រាយនាវាល្បាតជាច្រើនគ្រឿងដើម្បីតាមដានសភាពការណ៍នេះដោយយកចិត្តទុកដាក់។ ពួកគេនៅប្រចាំការក្រែងលោមានរឿងអ្វីមិនស្រួលកើតឡើង។ ប៉ុន្តែនៅទីបញ្ចប់យន្តហោះអាចចុះចតដោយគ្មានបញ្ហា។
អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតស៊ីជម្រៅទៅលើសំណុំរឿងនេះ។ ចំណែកទំហំនៃការខូចខាតនៅលើយន្តហោះក៏មិនទាន់ដឹងលម្អិតនៅឡើយដែរ។ មន្ត្រីដែលបម្រើការនៅអាកាសយានដ្ឋានខាងលើនេះប្រាប់ថាទោះបីមានហេតុការណ៍នេះកើតឡើងក៏ដោយ ក៏យន្តហោះដទៃទៀតអាចធ្វើដំណើរឡើង-ចុះជាធម្មតាដោយគ្មានការពន្យារពេលអ្វីទាំងអស់ដើម្បីកុំឱ្យស្ទះដំណើរការ៕

អត្ថបទដែលជាប់ទាក់ទង