ពលរដ្ឋក្នុងស្រុកកំពង់សៀម បានស្នើសុំដោះស្រាយបញ្ហាផ្សេងៗ ១៣ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី១ អាណត្តិទី៤

កំពង់ចាម: ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់សៀម បានលើកឡើងជាសំណើរ សំណូមពរ និងកង្វល់សរុប ១៣ករណី ត្រូវបាន អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី៤ ធ្វើការឆ្លើយតបភ្លាមៗ បានចំនួន ៩ករណី និងករណីដែលនៅសេសសល់ត្រូវបានយកទៅពិភាក្សា ដើម្បីដោះស្រាយទៅតាមប្រភេទរដ្ឋបាលនិមួយៗ ពិធីនេះបានធ្វើឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវត្តសិរីសាគរកោះកំពង់ត្រុំ ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផេន សុផល អភិបាលរងខេត្តកំពង់ចាម។
ក្នុងអង្គវេទិកានោះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបរាល់សំណើរ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើក ឡើងរួមមាន ការស្នើសុំជួសជុលដំបូលអគារសិក្សា និងសុំបន្ថែមគ្រូបង្រៀន សុំឱ្យទិន្នផលពោតមានតម្លៃខ្ពស់ សុំ សម្រួលផ្លូវកាត់មួយខ្សែ សុំបញ្ចុះតម្លៃប្រើប្រាស់ថាមពលអគ្គិសនី សុំកងកម្លាំងការពារសន្តិសុខនៅ មណ្ឌលសុខភាព និងសុំរថយន្តសង្គ្រោះបន្ទាន់ រួមនឹងបញ្ហាខ្វះខាតលិទ្ធភាពភ្ជាប់បណ្តាញអគ្គិសនី និង បណ្តាញទឹកស្អាតប្រើប្រាស់ បញ្ហាបូមខ្សាច់ទន្លេ បញ្ហាទូកនេសាទអូសត្រី និងបញ្ហាបទល្មើសឆក់ត្រី ។ល។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា តាមរយៈអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ពិតជា បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងបានស្តាប់នូវរបាយការណ៍បូក សរុបលទ្ធផលការងារដែលក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសម្រេចបានក្នុងឆ្នាំកន្លងទៅ ហើយក៏ជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សា និងឆ្លើយតប។ វេទិកាថ្ងៃនេះ ក៏បានបង្ហាញអំពីតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តសកម្មភាពរយៈពេលកន្លងមកក្នុងការឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។
ជាមួយគ្នានោះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់ រដ្ឋបាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គម ស៊ីវិលក្នុងកិច្ចអភិវឌ្ឍន៍ខេត្តឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ៕

អត្ថបទដែលជាប់ទាក់ទង