នគរបាលឆែកឆេរលើរថយន្តចំនួន០១គ្រឿង ស្រាប់តែរកឃើញថ្នាំញៀនជាង១លានគ្រាប់
ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃទី១១ វិច្ឆិកា ២០២៤ បង្ហាញអត្តសញ្ញាណជនសង្ស័យម្នាក់ជាជនជាតិឡាវ ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់(យ៉ាម៉ា)មានចំនួនរាប់លានគ្រាប់ ។
លោក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តអោយដឹងថា កាលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល បានត្រួតពិនិត្យឆែកឆេរលើរថយន្តចំនួន០១គ្រឿង ម៉ាក FORTUNER ពណ៌.ស ស្លាកលេខឡាវ១១១៥ ប្រទះឃើញវត្ថុតាងជាគ្រឿងញៀនចំនួន១៦៧ដុំ គ្រានោះ កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលក៏បានឃាត់ខ្លួនជនសង្ស័យជនជាតិឡាវភ្លាមៗ ។
ក្រោយការត្រួតពិនិត្យឆែកឆេរកឃើញថ្នាំញៀនក្នុងរថយន្តខាងលើ កម្លាំងជំនាញប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ព្រំដែនបានទំនាក់ទំនង សហការធ្វើកំណត់ហេតុប្រគល់រថយន្ត និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ មកអោយកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី ក្រោមការដឹកនាំសម្របសម្រួលពីលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង សាលាដំបូងខេត្តស្ទឹងត្រែង ។
លោកស្នងការរងរូបនេះបន្តថា ក្នុងសកម្មភាពខាងលើ ក៏មានការចូលរួមសហការពីកម្លាំងមួយចំនួនទៀតដូចជាកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យផងដែរ ។
ជនសង្ស័យ ឈ្មោះ VUE YENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត០៥.០២.១៩៩៣ ជនជាតិឡាវ ទីកន្លែងបច្ចុប្បន្នប្រទេសឡាវ ប្រើលិខិឆ្លងដែនលេខ P 1859439 ។ ក្រោយការបញ្ជូនជនសង្ស័យរួមវត្ថុតាងមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនក៏បានសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីក្រោយកម្លាំងជំនាញបានធ្វើតេស្តលើវត្ថុតាងបានបញ្ជាក់ថា វត្ថុតាងទាំងនោះជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(WY) ចំនួន ១៦៧ដុំ ទម្ងន់សុទ្ធ ៩៣គីឡូ និង០៩៧.២៥ក្រាម គិតជាគ្រាប់ប្រហែលចំនួន ១,០៣៤,៤១៣គ្រាប់។ក្នុងនោះដែរកម្លាំងជំនាញក៏បានដកហូតសម្ភារៈដូចជារថយន្ត០១គ្រឿងម៉ាFORTUNER ពណ៌.ស ស្លាកលេខ១១១៥ ទូរស័ព្ទដៃចំនួន ០៣គ្រឿងនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត។
ជនសង្ស័យជនជាតិឡាវរួមនិងវត្ថុតាមត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕