ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ទូរសព្ទប្រាប់ មេដឹកនាំ រុស្ស៊ី កុំ ឱ្យ បង្កើនភាពតានតឹង បន្ថែមទៀតនៅ អ៊ុយក្រែន

វ៉ាស៊ីនតោន៖ យោងតាមប្រភពដែលដឹងពីការសន្ទនាបានប្រាប់ទីភ្នាក់ងារសារព៍ត៌មានរ៉យទ័រនៅថ្ងៃអាទិត្យទី ១០ ខែវិច្ឆិកា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជួបពិភាក្សាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយបានណែនាំគាត់កុំធ្វើឱ្យសង្គ្រាមអ៊ុយក្រែនកាន់តែតានតឹង ខណៈដែលប្រធានាធិបតី ចូ បៃឌិន គ្រោងជំរុញឱ្យលោក ត្រាំ កុំបោះបង់ចោលរដ្ឋធានីកៀវ។
ប្រភពបានឱ្យដឹងថា លោក ត្រាំ និងលោក ពូទីន បាននិយាយគ្នានៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក ត្រាំ ក៏បានជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃពុធសប្តាហ៍មុន។ លោក ត្រាំ បានរិះគន់ទំហំនៃការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិកសម្រាប់រដ្ឋធានីកៀវ ដោយបានប្តេជ្ញាថានឹងបញ្ចប់សង្រ្គាមឱ្យបានឆាប់រហ័ស។ នៅពេលត្រូវបានសួរអំពីការហៅទូរសព្ទដែលត្រូវបានរាយការណ៍ដំបូងដោយ The Washington Post លោក ស្ទីហ្វិន ចេង (Steven Cheung) ប្រធានផ្នែកទំនាក់ទំនងរបស់លោក ត្រាំ បានឆ្លើយថា៖«យើងមិនធ្វើអត្ថាធិប្បាយលើការហៅទូរសព្ទឯកជនរវាងលោកប្រធានាធិបតី ត្រាំ និងមេដឹកនាំពិភពលោកផ្សេងទៀតទេ»។ លោក ត្រាំ មកពីគណបក្សសាធារណរដ្ឋនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាបន្ទាប់ពីបានផ្តួលអនុប្រធានាធិបតី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ៥ ខែវិច្ឆិកា។
យោងតាមសេតវិមាន លោក បៃឌិន បានអញ្ជើញលោក ត្រាំ ឱ្យមកការិយាល័យ Oval ក្នុងសេតវិមាននៅថ្ងៃពុធទី ១៣ ខែវិច្ឆិកា។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយកាលពីថ្ងៃអាទិត្យថា សារកំពូលរបស់លោក បៃឌិន នឹងក្លាយជាការប្តេជ្ញាចិត្តរបស់គាត់ក្នុងការធានាការផ្ទេរអំណាចដោយសន្តិវិធី ហើយលោកក៏នឹងនិយាយជាមួយលោក ត្រាំ អំពីអ្វីដែលកំពុងកើតឡើងនៅអឺរ៉ុប នៅអាស៊ី និងមជ្ឈិមបូព៌ា។
ការអត្ថាធិប្បាយរបស់លោក ស៊ូលីវ៉ាន់ បានកើតឡើងនៅពេលដែលអ៊ុយក្រែនវាយប្រហាររដ្ឋធានីមូស្គូកាលពីថ្ងៃអាទិត្យជាមួយនឹងយន្តហោះគ្មានមនុស្សបើកយ៉ាងហោចណាស់ ៣៤ គ្រឿង ដែលជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតលើរដ្ឋធានីរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។
រដ្ឋធានីវ៉ាស៊ីនតោនបានផ្តល់ជំនួយយោធា និងសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារអាម៉េរិកដល់អ៊ុយក្រែន ចាប់តាំងពីប្រទេសនេះត្រូវបានឈ្លានពានដោយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាមូលនិធិដែលលោក ត្រាំ បានរិះគន់ និងតវ៉ាម្ដងហើយម្ដងទៀតជាមួយសមាជិកសភាសាធារណៈរដ្ឋដទៃទៀត។
លោក ត្រាំ បានទទូចកាលពីឆ្នាំមុនថាលោក ពូទីន នឹងមិនដែលបានឈ្លានពានអ៊ុយក្រែនទេប្រសិនបើគាត់នៅក្នុងសេតវិមាននៅពេលនោះ។ លោកបានប្រាប់រ៉យទ័រថា អ៊ុយក្រែនអាចនឹងត្រូវប្រគល់ទឹកដី ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព ជាអ្វីដែលអ៊ុយក្រែនបដិសេធ។
យោងតាមការិយាល័យគណនេយ្យភាពរដ្ឋាភិបាល សភាបានផ្តល់ជំនួយជាង ១៧៤ ពាន់លានដុល្លារដល់អ៊ុយក្រែនក្រោមការដឹកនាំរបស់លោក បៃឌិន ។ ល្បឿននៃជំនួយប្រាកដថានឹងធ្លាក់ចុះនៅក្រោមការគ្រប់គ្រងរបស់លោក ត្រាំ ជាមួយនឹងគណបក្សសាធារណរដ្ឋដែលនឹងគ្រប់គ្រងព្រឹទ្ធសភាសហរដ្ឋអាម៉េរិកជាមួយនឹងសំឡេងភាគច្រើន ៥២ អាសនៈ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ទី៧ ខែវិច្ឆិកា បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ក្នុងការឈ្នះការបោះឆ្នោតអាម៉េរិក ដោយបានសរសើរគាត់ចំពោះភាពក្លាហាន នៅពេលដែលខ្មាន់កាំភ្លើងព្យាយាមធ្វើឃាត ហើយបាននិយាយថា រដ្ឋធានីមូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោតពីគណបក្សសាធារណរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង