ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅបរិវេណវត្តធម្មយុត្ត ក្រុងស្វាយរៀង។
វេទិការនេះមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី មេភូមិ ចៅសង្កាត់ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋដែលមានចម្ងល់ ឬយោបល់លើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ លើកឡើងនូវបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ សេវាតម្រូវការ និងសេវាសំណូមពរជាដេីម។
ការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តនៅព្រឹកនេះរួមមានដំណូមពរមួយចំនួនពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន បញ្ហាបម្រើសេវាសាធារណៈ ទឹកស្អាត អំពូលភ្លើងបំភ្លឺផ្លូវ ផ្លូវបេតុង ប្រព័ន្ធលូរំដោះទឹក ភ្លេីងស្តុបចរាចរណ៍ជាដេីម ។ល។
សូមបញ្ជាក់ជូនថា គោលបំណង់ នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤នេះ បានផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកាលកន្លងមក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសូមពរដែលបានលើកឡើង៕