យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ស្ពីរីត អ៊ែរឡាញ (Spirit Airlines) ដែលត្រូវហោះចូលប្រទេសហៃទីចំពេលមានអស្ថិរភាព និងការបាញ់បោះគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមបងធំ

ទីក្រុងផតអូព្រីន៖ ថ្មីៗនេះ មានហេតុការណ៍មិនល្អកើតឡើងចំពោះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ស្ពីរីត អ៊ែរឡាញ (Spirit Airlines) ដែលត្រូវហោះចូលប្រទេសហៃទីចំពេលមានអស្ថិរភាព និងការបាញ់បោះគ្នាយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមបងធំ។ យន្តហោះរបស់ក្រុមហ៊ុនស្ពីរីត អ៊ែរឡាញ១គ្រឿងបានចាកចេញដំណើរពីរដ្ឋផ្លរីដា ប្រទេសអាមេរិក សំដៅទៅរដ្ឋធានីផតអូព្រីន (Port-au-Prince) នៃប្រទេសហៃទី។
នៅពេលយន្តហោះបើកចូលដែនអាកាសហៃទីសុខៗស្រាប់តែគ្រាប់កាំភ្លើងមិនដឹងហោះមកពីកន្លែងណាទេបានប្លាតត្រូវចំយន្តហោះ។ ដោយសារមើលឃើញសភាពការណ៍មិនស្រួលដូច្នេះ អាកាសយានិកក៏បត់ក្បាលយន្តហោះទៅប្រទេសដូមីនីខេនវិញ (Dominican)។ ព័ត៌មានខ្លះផ្សាយថាគ្រាប់កាំភ្លើងប្លាតត្រូវចំបុគ្គលិកបម្រើការនៅលើយន្តហោះតែម្នាក់គត់ និងមិនប៉ះពាល់អ្នកដំណើរណាម្នាក់ទេ។
ប៉ុន្តែករណីបាញ់បោះនេះបង្ខំឱ្យអាជ្ញាធរផ្អាកសកម្មភាពហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិទូសាំង លូវែទួរ (Toussaint Louverture) ជាបណ្ដោះអាសន្ន។ យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុនអាកាសចរណ៍ចិតប្ល៊ូ អ៊ែរវេ (JetBlue Airways) និងអាំម្រីចិត (Amerijet) ត្រូវតែបង្ខំចិត្តបត់ក្បាលត្រឡប់ថយក្រោយវិញជាបន្ទាន់ដោយសារការបាញ់កាំភ្លើងនោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ស្ថានទូតអាមេរិកប្រចាំប្រទេសហៃទីថ្លែងថាខ្លួនបានដឹងអំពីការផ្អាកសកម្មភាពហោះហើរចេញ-ចូលអាកាសយានដ្ឋាននោះ និងដឹងអំពីការប៉ុនប៉ងរបស់ក្រុមបងធំដើម្បីបន្ទច់បង្អាក់ការហោះហើរចេញចូលរដ្ឋធានីផតអូព្រីនអមដោយការប្រើប្រាស់កាំភ្លើង។ ការធ្វើដំណើរក៏រអាក់រអួលផងដែរនៅលើផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។
ក្រុមហ៊ុនអាកាសចរណ៍ស្ពីរីត អ៊ែរឡាញបានចេញសេចក្ដីប្រកាសថាជើងហោះហើរ៩៥១ដែលចាកចេញពីទីក្រុងហ្វតឡតដឺដេល (Fort Lauderdale) សំដៅទៅរដ្ឋធានីផតអូព្រីន (Port-au-Prince) ត្រូវបង្វែរទិសដៅហោះហើររបស់ខ្លួន និងចុះចតនៅរដ្ឋធានីសាន់ធីអាហ្គោ (Santiago) នៃសាធារណរដ្ឋដូមីនីខេន។ នៅពេលយន្តហោះចុះចតដល់សាន់ធីអាហ្គោរួចហើយ ក្រុមអធិការកិច្ចក៏ចុះត្រួតពិនិត្យ និងទទួលស្គាល់ថាពិតជារកឃើញកន្លែងរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើងមែន។
ក្រុមហ៊ុនស្ពីរីត អ៊ែរឡាញថ្លែងថាយន្តហោះដែលមានបញ្ហានោះនឹងត្រូវដកចេញ លែងប្រើការតទៅទៀត ហើយនឹងជំនួសដោយយន្តហោះផ្សេងដើម្បីដឹកជញ្ជូនអ្នកដំណើរ និងបុគ្គលិកបម្រើការនៅលើយន្តហោះនោះត្រឡប់ទៅហ្វតឡតដឺដេលនៅថ្ងៃនេះ។ ក្រុមហ៊ុនចង់ផ្ដោតសំខាន់ទៅលើបញ្ហាសុវត្ថិភាពជារឿងសំខាន់។ ដូច្នេះ រាល់ជើងហោះហើរទៅផតអូព្រីន និងខេបហៃទៀន (Cap-Haitien) ត្រូវផ្អាកទាំងអស់ដើម្បីរង់ចាំការវាយតម្លៃទៅលើសភាពការណ៍ពិតនៅហៃទីជាមុនសិន។
រដ្ឋាភិបាលអាមេរិកយល់ថាសភាពការណ៍នៅហៃទីនៅពេលនេះពិបាកប៉ាន់ស្មាន និងពោរពេញដោយគ្រោះថ្នាក់សម្បើមណាស់។ ដូច្នេះ រដ្ឋាភិបាលសូមផ្ដាំទៅពលរដ្ឋអាមេរិកាំងដែលចង់ធ្វើដំណើរទៅហៃទីត្រូវតែទទួលខុសត្រូវស្លាប់-រស់ដោយខ្លួនឯង។ រដ្ឋាភិបាលអាមេរិកមិនអាចធានាសុវត្ថិភាពជូនអ្នកដែលចង់ទៅព្រលានយន្តហោះ និងតំបន់ព្រំដែនបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង