អភិបាលខេត្តកំពង់ចាម៖ ផលដំណាំស្រូវរបស់ប្រជាកសិករ មានការកើនឡើងជាប្រចាំ ពីមួយឆ្នាំទៅមួយឆ្នាំ

ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ការបង្កបង្កើនផលរបស់ប្រជាកសិករស្រូវ គឺមានការកើនឡើងជាប្រចាំ ពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះទិន្នផលវិញគឺទទួលបានពី មធ្យម ៤តោន ក្នុង១ហិកតា ខណៈពេលដែលពួកគាត់បានប្រមូលផលលើផ្ទៃដីប្រមាណជា ៤៨០៦០ហិកតា ស្មើនឹង៤០,១៤% លើផ្ទៃដីដាំដុះ។
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ការងារបង្កបង្កើន ផលស្រូវរដូវវស្សាក្នុងខេត្តកំពង់ចាម រហូតមកដល់ពេលនេះត្រូវបានបញ្ចប់ទាំងស្រុង លើផ្ទៃដី ប្រមាណជា ១១ ៩៧៣១ហិកតា ស្មើនឹង ១៣៨,៤២% នៃផែនការដាំដុះ ៨ ៩៥០០ហិកតា ពោលគឺ មានការលឿនជាងឆ្នាំមុនប្រមាណជា ១ ៣,៦៥៣ ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នា។
ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ក្នុងខែតុលា កន្លងមកនេះ មានការកើតឡើងច្រើនរហូតដល់ ១៥ករណី លើ ៩ករណី ដែលបង្កឱ្យមានមនុស្សស្លាប់ចំនួន ១៩នាក់ លើ ១១នាក់ និងរងរបួស ១២នាក់ លើ ៦នាក់ ពោលគឺករណីគ្រោះថ្នាក់ ចរាចរមានការកើតឡើងគួរឱ្យកត់សម្គាល់ ដែលត្រូវទាមទារឱ្យមានការដាក់ចេញនូវ វិធានការចាំ បាច់នានា ដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ កុំឱ្យមានការកើនឡើង ខ្ពស់ពេក ពោលគឺត្រូវជំរុញឱ្យមានការខិតខំរួមគ្នាក្រោមវិធានការនៃការអប់រំ ការផ្សព្វផ្សាយ ការណែនាំ និង វិធានការរិតបន្ដឹងច្បាប់ចរាចរផងដែរ។
ក្នុងកិច្ចប្រជុំនេះឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្តីព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖
*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែតុលា និងលើកទិសដៅប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត។
*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្ត។
*ទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម និងបញ្ហាផ្សេងៗមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង