សម្លកំពិសគ្រូមា លី សាម៉េត ! សម្រេចឃុំខ្លួនជនសង្ស័យ ចំនួន៣នាក់ ដែលការឃុំខ្លួននោះ ត្រូវបានដាក់ពន្ធនាគារ ដោយឡែកពីគ្នា
ភ្នំពេញ ៖ “សម្លកំពិសគ្រូមា លី សាម៉េត” នារសៀលថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនសង្ស័យ ចំនួន៣នាក់ទៀត ដែលការឃុំខ្លួននោះ ត្រូវបានដាក់ពន្ធនាគារ ដោយឡែកពីគ្នា ។
តាមប្រភពព័ត៌មានឲ្យដឹងថា លោក មួង ឃីម អតីតផ្កាយ៣ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ក្រសួងមហាផ្ទៃ “ចូលនិវត្តន៍” ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ។ លោកឧកញ៉ា អ៊ុត ធី ថៅកែជំនួញថ្មភ្នំ ឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ”ម១” ហៅព្រៃ.ស ។ ចំណែកឯលោក ឡាយ វិសិដ្ឋ អភិបាលរង ខេត្តពោធិសាត់ ឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ហៅថា”PJ” ។
បើតាមប្រភពព័ត៌មាន ក៏បានឲ្យដឹងដែរថា លោក កាយ សុខកាន អតីតអភិបាលក្រុងល្វាឯម និងមានបក្ខពួកប្រមាណ ៥នាក់ទៀត តុលាការ កំពុងបន្តនីតិវិធី ។
យោងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីជំនួញឥទ្ធិពលសកម្ម និងជំនួញឥទ្ធិពលអកម្ម នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៥៦ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីជំនួញឥទ្ធិពលសកម្ម, ជំនួញឥទ្ឋិពលអកម្ម និងសមគំនិតក្នុងបទជំនួញឥទ្ឋិពលអកម្ម ដែលមានជនត្រូវចោទមានខ្លួនចំនួន ២នាក់ គឺ ១.ឈ្មោះ អ៊ុត ធី ភេទប្រុស អាយុ ៦៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលសកម្ម និង២.ឈ្មោះ មួង ឃឹម ភេទប្រុស អាយុ ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម ព្រមទាំងមានជនត្រូវចោទចំនួន ២នាក់ទៀត គឺ ១.ឈ្មោះ ដួង ដារា ភេទប្រុស អាយុ ៥៦ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម និង២.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) ត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ មាត្រា ៦០៦ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ។
សូបជម្រាបផងដែរថា លោក មួង ឃីម ជាអតីតមន្ត្រីនគរបាលពាក់ផ្តាយ៣ មានតួនាទីជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយពេលនេះលោកចូលនិវត្តន៍ហើយ ប៉ុន្តែត្រូវបានព្រះរាជក្រឹត្យតែងតាំងជាទីប្រឹក្សាក្រសួងយុត្តិធម៌ មានឋានៈស្មើរដ្ឋលេខាធិការ ។ ដោយឡែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេស្គាល់ថា រកស៊ីខាងវាយថ្ម និងធ្វើផ្លូវ ។
មានការកត់សម្គាល់ថា ក្នុងបញ្ជី ដែលអាចចាត់ទុកថា សំណុំរឿង លី សាម៉េត, ដួង តារា, ឡាច សំរោង, មួង ឃីម និងបក្ខពួក គឺឧកញ៉ា អ៊ុត ធី គឺជាម្ចាស់បណ្ដឹងទាមទារយកទៅដោះស្រាយបញ្ហាដីធ្លី ការទិញលក់ដី និងការខ្ចីប្រាក់ មានទំហំទឹកប្រាក់ប្រមាណ៣,៥លានដុល្លារ ។
ពេលនេះសម្រាប់ករណីលោក ដួង តារា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃ៦ វិច្ឆិកា ។ ការដកតំណែងនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានចោទប្រកាន់លោក ដួង តារា អំពីបទ«ឆបោក» ពាក់ព័ន្ធនឹងករណីឆបោកលុយពលរដ្ឋជាច្រើនគ្រួសារ ក្នុងគម្រោងវិនិយោគដីធ្លី និងផ្ទះល្វែងរបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប (Phum Khmer Group) នៅខេត្តស្វាយរៀង ។
សមត្ថកិច្ចបានបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ ឬហៅកាត់ថា ប៉េហ្ស៊ី(PJ) កាលពីថ្ងៃទី១៤ តុលា ខណៈឧកញ៉ា លី សាម៉េត ដែលជាដៃគូ និងជាមរកើយរបស់លោក ដួង តារា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់អំពីបទឆបោកប្រាក់រាប់លានដុល្លារ និងបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី៥ ខែវិច្ឆិកា ។
នៅក្នុងបញ្ជីបង្ហាញពីសំណុំរឿង លី សាម៉េត និងបក្ខពួកជាប់ចោទឆបោក គឺមាន៧សំណុំរឿង ដែលមានការទាក់ទិនច្រើនពីឈ្មោះ លី សាម៉េត, ដួង តារា និង ឡាច សំរោង ហើយសំណុំរឿងនីមួយៗ ខ្លះមានទំហំទឹកប្រាក់៣០ម៉ឺនដុល្លារ ខ្លះ២០ម៉ឺនដុល្លារ ខ្លះ៣,៥លានដុល្លារ ខ្លះ១៣៥.០០០ដុល្លារ ខ្លះ១៣ម៉ឺនដុល្លារ និងច្រើនជាងគេ៦,៧លានដុល្លារ និងសំណុំរឿងមួយទៀតនោះ មិនបានបញ្ជាក់ឱ្យដឹងពីទំហំទឹកប្រាក់ឡើយ ។
ទោះបីជាបែបណា ការបែកធ្លាយបញ្ជីសំណុំរឿងនេះ មិនមានការអះអាងផ្លូវការនៅឡើយទេ តែអ្វីមានការកត់សម្គាល់នោះ រឿងពុករលួយដ៏ធំនេះ វាប្រាកដណាស់ វានឹងប្រៀបដូចជាសម្លកំពឹស ដែលនឹងមានរឿងរ៉ាវច្រើនទៀតនៅពេលខាងមុខនេះ ៕