ក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំដល់អភិបាលខេត្តជាប់ព្រំដែន បន្ដពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងអនុវត្តច្បាប់ជាមួយប្រទេសជិតខាង
(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីណែនាំដល់អភិបាលខេត្តជាប់ព្រំដែន ដើម្បីបន្ដជំរុញការពង្រឹងថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ជាមួយបណ្ដាប្រទេសជិតខាង។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្តជាប់ព្រំដែន និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលឈរជើងនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង បានខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ច ក្នុងកិច្ចការពារថែរក្សាអធិបតេយ្យ បូរណភាពទឹកដី និងការគ្រប់គ្រងត្រួតពិនិត្យសកម្មភាពចេញ-ចូលឆ្លងកាត់ ព្រំដែនបានយ៉ាងល្អប្រសើរ ដោយបានរួមចំណែកដល់ការធ្វើសមិទ្ធកម្មនូវ កម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្តីពីការការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា នៅមានបញ្ហាមិនប្រក្រតីមួយចំនួនបន្តកើតមានឡើង នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន មានជាអាទិ៍ការធ្វើសកម្មភាពឆ្លងដែន ខុសច្បាប់ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ការលួចលាក់ បើកច្រករបៀងខុសច្បាប់ លំហូរនៃជនបរទេសអន្តោប្រវេសន្តខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀនជាដើម បានជះឥទ្ធិពលមិនល្អដល់វិស័យសន្តិសុខជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ប្រភពចំណូលថវិកាជាតិ និងរបៀបរៀបរយនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលតម្រូវឲ្យមានវិធានការកែលម្អ ដើម្បីថែរក្សាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕