ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ឲ្យគណៈរដ្ឋមន្រ្តីទាំងមូល រួមគ្នាការពារព្រៃឈើ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការជាតិមួយ ដែលក្រុមការងារ មកពីគណៈរដ្ឋមន្រ្តីទាំងមូល។
ព្រះរាជក្រឹត្យ ដែលចេញនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហាញថា កិច្ចការសំខាន់២របស់គណៈកម្មាធិការនេះ គឺ «រៀបចំផ្តល់ដីសម្បទានជូនប្រជាជនក្រីក្រ» និង «ការពារព្រៃឈើ»។ ហើយការបំពេញកិច្ចការសំខាន់ទាំង២នេះ គឺដើម្បីបានការអភិវឌ្ឍមួយដែលប្រកបដោយចីរភាព។
គណៈកម្មាធិការជាតិ មានសម្តេចប្រមុខរាជរដ្ឋាភិបាល ជាប្រធាន និងមានអនុប្រធាន១១រូប ដែលសុទ្ធសឹងតែជារដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីផ្សេងទៀត ជាសមាជិក។ ចំណែក មេប៉ូលិស មេទាហាន និងអភិបាលរាជធានី-ខេត្តទាំង២៥ ក៏ជាសមាជិកនៃគណៈកម្មាការជាតិនេះដែរ។ ក្រុមការងារនៃគណៈកម្មាធិការជាតិ អាចអញ្ជើញតំណាងស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន សង្គមស៊ីវិល អ្នកជំនាញជាតិ-អន្តរជាតិ អ្នកបច្ចេកទេសទាំងក្នុងជួររាជរដ្ឋាភិបាល ឬនៅក្រៅរាជរដ្ឋាភិបាល ឱ្យចូលរួមប្រជុំ ដើម្បីជួយពិគ្រោះយោបល់។
ព្រះរាជក្រឹត្យ កំណត់ពីកិច្ចការលម្អិតដែលគណៈកម្មាធិការជាតិត្រូវធ្វើ មានដូចជា៖ ដាក់ចេញគោលនយោបាយផ្តល់ដី និងការពារព្រៃ, កំណត់ទីតាំងដី ដែលត្រូវជ្រើសរើសក្នុងការផ្តល់ជូនប្រជាជន, សម្រេចលើបុគ្គលដែលត្រូវមានសិទ្ធិទទួលបានដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច, សម្រេចលើបណ្តឹងតវ៉ារបស់ប្រជាជនពាក់ព័ន្ធកម្មវិធីផ្តល់ដី និងការការពារព្រៃឈើ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង