កម្ពុជា និងហូឡង់ ប្តេជ្ញាពង្រឹងឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយនិងសេដ្ឋកិច្ច
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Remco Johannes van Wiljngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
ភាគីទាំងពីរបានពិភាក្សាប្រកបដោយអត្ថន័យ ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីដ៏យូរលង់ រវាងកម្ពុជា និងហូឡង់ ព្រមទាំងបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះ និង ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តពីភាពជោគជ័យ នៃការរៀបចំកិច្ចពិគ្រោះយោបល់លើកទី១ នៅទីក្រុងឡាអេ កាលពីឆ្នាំមុន និងត្រៀមខ្លួន ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី២ នៅកម្ពុជា នៅឆ្នាំក្រោយ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់កម្ពុជា លើការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ដោយបានស្វាគមន៍ការវិនិយោគនៅគ្រប់កម្រិតពីប្រទេសហូឡង់ ព្រមទាំងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសវិនិយោគប្រកបដោយអំណោយផល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រួមទាំងការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country) ក្នុងឆ្នាំ២០២៩ ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍធនធានមនុស្ស និងទំនើបបកម្មបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលដៅដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ជាតិផងដែរ។
ឯកឧត្តម Remco Johannes van Wiljngaarden បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសហូឡង់ក្នុងការគាំទ្រធុរកិច្ចហូឡង់នៅកម្ពុជា ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងចូលរួមចំណែកដល់អាទិភាពអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជា ដូចជាតាមរយៈការពង្រឹងធនធានមនុស្ស។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ៕