ប៉ារ៉ាហ្គាយ ធ្វើឱ្យអាហ្សង់ទីន ស្គាល់ចាញ់លើកទី៣ ក្នុងប្រកួតជម្រុះ World Cup 2026

(ប៉ារ៉ាហ្គាយ)៖ ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ បានធ្វើឱ្យក្រុមការពារតំណែងជើងឯក២០២២ អាហ្សង់ទីន ស្គាល់ការចាញ់លើកទី៣ នៃវគ្គជម្រុះតំបន់អាមេរិខាងត្បូង FIFA World Cup 2026 ពីការវាយបកយកឈ្នះលទ្ធផល ២-១ ក្នុងប្រកួតទី១១ ទោះវត្តមានខ្សែប្រយុទ្ធ Lionel Messi លេងពេញម៉ោងក៏ដោយ ។
តាមរយៈលទ្ទផលនេះ ក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ រកបាន ១៦ពិន្ទុឈរលេខរៀងទី៦ ពីការឈ្នះ ៤ប្រកួត ស្មើ៤ និងចាញ់៣ ខណៈក្រុមអាហ្សង់ទីន នៅតែបន្តឈរនាំមុខកំពូលតារាងរកបាន ២២ពិន្ទុបណ្តោះអាសន្ន ។
ស្ថិតក្នុងប្រកួតធ្វើឡើងនៅ Estadio Defensores de Chaco ក្រុមដឹកនាំដោយលោក Lionel Scaloni បានបើកការនាំមុខដោយកីឡាករ Lautaro Martinez នៅនាទី១១ តែត្រូវបានកីឡាករ Antonia Sanabria តាមស្មើមកវិញនៅនាទី១៩ ហើយគ្រាប់បាល់ជ័យជម្នះរបស់ប៉ារ៉ាហ្គាយ រកបានដោយការតែតបាល់បញ្ចូលទីពីសំណាក់ខ្សែការពារ Omar Alderete ។
សូមបញ្ជាក់ផងថា ក្រុមឈរចាប់ពីលេខរៀងទី១ ដល់លេខ៦ ពីការបញ្ចប់វគ្គជម្រុះនេះ នឹងទទួលបានកៅអីដោយស្វ័យប្រវត្តិ សម្រាប់ការប្រកួតប្រជែងបាល់ទាត់ពិភពលោកនៅឆ្នាំ២០២៦ ដែលមានសហម្ចាស់ផ្ទះរួមគ្នារវាងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ៕

អត្ថបទដែលជាប់ទាក់ទង