ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ពិភាក្សាស្តីពីការរៀបចំផែនការប្រើប្រាស់ក្របខណ្ឌមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា គ្រូបង្រៀនជាប់កិច្ចសន្យា គ្រូបង្រៀនអប់រំពិសេស និងគ្រូបង្រៀនប្រភេទផ្សេងទៀតរបស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្រ្តីរាជការ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងមុខងារសាធារណៈ សរុបមានអ្នកចូលរួមចំនួន ៤០នាក់។
អង្គប្រជុំបានពិភាក្សាទៅលើចំណុចសំខាន់ៗរួមមាន៖ ១) គ្រូបង្រៀនជាប់កិច្ចសន្យា ២) គ្រូបង្រៀនអប់រំពិសេស ៣)កម្មវិធីអប់រំក្រៅប្រព័ន្ធ និង៤)ផែនការជ្រើសរើសសម្រាប់ ឆ្នាំ២០២៥ ដើម្បីបំពេញតម្រូវការរបស់សាលារៀន។
កិច្ចប្រជុំបានសម្រេចបានលទ្ធផលជារួម ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើសុំបង្កើតក្រុមការងារបច្ចេកទេសជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈ ដើម្បីផ្តោតលើវិធានការគន្លឹះដែលបានដាក់ចេញឱ្យចេញជាលទ្ធផលជាក់ស្តែង និងសម្រាប់សាលាបឋមសិក្សាដែលត្រូវការគ្រូបង្រៀនបន្ថែម នាយកត្រូវធ្វើសំណើរមក ក្រសួងអប់រំ យុវជន និងកីឡា តាមនីតិវិធីដែលមានជាធរមាន ដើម្បីដោះស្រាយបញ្ហានេះឱ្យបានរហ័ស និងទាន់តម្រូវការរបស់សាលារៀនដែលខ្វះគ្រូ ហើយមិនមានការរើសបន្ថែមទេបើមិនមានសំណើរមក។
តាមប្រសាសន៍របស់ ឯកឧត្តមប្រធានអង្គប្រជុំ សម្រាប់មន្ត្រីជាប់កិច្ចសន្យារបស់ ក្រសួង ស្ថាប័ន ទាំងអស់ត្រូវដាក់ចូលប្រព័ន្ធ និងកំណត់បើកប្រាក់បៀវត្សតាមប្រព័ន្ធគណនេយ្យធនាគារទាំងអស់ ក្នុងករណីមន្ត្រីជាប់កិច្ចសន្យាមិនមាន គណនេយ្យធនាគារទេ មិនអាចបើកប្រាក់បៀវត្សតាមដៃតទៅទៀតទេ ដើម្បីធានាក្នុងការកំណែទម្រង់៕