អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញសភាពការណ៍សន្ដិសុខ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញរបាយការណ៍ស្ដីពីសភាពការណ៍សន្ដិសុខ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
របាយការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបានអគ្គស្នងការដ្ឋាននគរបាលជាតិ បានវាយតម្លៃថា ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក គិតចាប់ម៉ោង៧ព្រឹក ដល់ម៉ោង៧យប់ បានប្រព្រឹត្តទៅដោយសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ដោយមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពពីគណៈបញ្ជាការការពារស្របតាមផែនការដែលបានដាក់ចេញ។
ដោយឡែក សភាពការណ៍គ្រោះថ្នាក់ផ្សេងៗ ករណីលិចទូក ៦លើក ស្មើ៦ទូក (ពុំមានគ្រោះថ្នាក់ដល់អាយុជិវិតឡើយ)។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣លើក នៅគោលដៅ ក.៣ក្នុងនោះ ដួលដោយខ្លួនឯង២លើក និងម៉ូតូបុកពីក្រោយម៉ូតូកងបី១លើក បណ្តាលរបួសស្រាល៣នាក់ ត្រូវបានក្រុមការងារបញ្ជូនសង្រ្គោះបឋមនៅស្នាក់ការប្រចាំការសុខាភិបាល។
ករណីជនអនាថាម្នាក់ ស្រវឹងដួលបោកក្បាល នៅគោលដៅក.៩.២ បណ្តាលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ កម្លាំងការពារគោលដៅ បានរកឃើញករណីវង្វេងសាច់ញាតិចំនួន៣៤នាក់ (មនុស្សចាស់២នាក់) ដោយបានធ្វើការផ្សព្វផ្សាយ ហើយត្រូវបានសាច់ញាតិមកទទួលយកទៅវិញចំនួន២៥នាក់ និងកំពុងបន្តស្វែងរកសាច់ញាតិចំនួន៩នាក់ទៀត។
កម្លាំងការពារគោលដៅបានចុះធ្វើការសម្របសម្រួល និងបញ្ចប់ ករណីទំនាស់ពាក្យសម្តី១លើក បង្កឲ្យកើតមានអំពើហិង្សារវាងចំណុះទូកខេត្តកំពង់ចាម (២១៣) និងចំណុះទូកខេត្តកណ្តាល (២៣៥)។ ករណីនេះពុំបណ្តាលឲ្ហមានអ្នករងរបួសឡើយ។
កងកម្លាំងបានចេញអន្តរាគមន៍ជួយសង្រ្គោះករណីទូកលិចទឹកចំនួន៦ទូក ដោយ ជួយសង្រ្គោះកីឡាករបានទាំងអស់ និងសង្គ្រោះកីឡាករធ្លាក់ពីលើទូកចំនួនម្នាក់ ប្រកបដោយសុវត្ថិភាព។
ក្រុមគ្រូពេទ្យប្រចាំការនៅតាមគោលដៅ បានធ្វើការសង្រ្គោះបឋមដល់អ្នកដែលមានបញ្ហាសុខភាពសរុបចំនួន ៣,៨៨៦នាក់ (ស្រី៩៨៤នាក់) និងបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចំនួន២នាក់៕