ប៉ូលិសចាប់ខ្លួនជនស..ង្ស័យ ៣នាក់ ក្រោយកាំជ្រួចផ្កាភ្លើង ហោះចូលផ្ទះរបស់លោក Netanyahu
(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប៉ូលិសអ៉ីស្រាអែល បានចាប់ខ្លួនជនសង្ស័យ ៣នាក់ បន្ទាប់ពីមានកាំជ្រួចផ្កាភ្លើង ហោះចូលលំនៅដ្ឋានឯកជនរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលស្ថិតនៅឯទីក្រុងឆ្នេរសមុទ្រ Caesarea។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
អាជ្ញាធរនិយាយថា លោកនាយករដ្ឋមន្រ្តី និងក្រុមគ្រួសាររបស់លោក មិនបានស្ថិតនៅក្នុងលំនៅដ្ឋានទេ ពេលដែលកាំជ្រួចផ្កាភ្លើងពីដើម ហោះចូលទៅក្នុងបរិវេណនោះ ហើយពុំបណ្តាលឱ្យមានអ្នករបួសឡើយ។ ប៉ូលិស មិនបានផ្តល់ព័ត៌មានលម្អិតពីជនសង្ស័យទេ ប៉ុន្តែក្រុមមន្រ្តីបានចង្អុលទៅអ្នកនយោបាយរិះគន់ លោក Netanyahu នៅក្នុងស្រុក។
ប៉ុន្មានខែមកនេះ លោក Netanyahu ប្រឈមមុខនឹងការតវ៉ាយ៉ាងខ្លាំង ជុំវិញការរំដោះចំណាប់ខ្មាំងអ៉ីស្រាអែល ដែលសេសសល់ពីដៃក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ ក្រុមអ្នករិះគន់បន្ទោស លោក Netanyahu សម្រាប់ភាពបរាជ័យផ្នែកសន្តិសុខ និងចារកម្មរបស់ប្រទេស ដែលបណ្តោយឱ្យកើតមានហេតុការណ៍វាយឆ្មក់ចូលអ៉ីស្រាអែល និងការដែលមិនអាចសម្រេចបានកិច្ចព្រមព្រៀង ជាមួយក្រុមហាម៉ាស ដើម្បីនាំចំណាប់ខ្មាំងត្រលប់មកផ្ទះវិញ។
បន្ទាប់ពីមានហេតុការណ៍នោះ ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog បានប្រកាសថ្កោលទោស ហើយថាការស៉ើបអង្កេតរកមូលហេតុកំពុងដំណើការ។ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Israel Katz និយាយថា «វាមិនសមទេដែលនាយករដ្ឋមន្រ្តីនៃអ៉ីស្រាអែល ត្រូវរងការគំរាមកំហែងដល់ផ្ទះដូច្នេះ»៕