រសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ
(សៀមរាប)៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI)។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានជ្រើសយកប្រទេសកម្ពុជា ដើម្បីប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកប្រតិភូប្រមាណ ៨៧រូប មកពី ២៦គណបក្ស និង ២៤ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ, លោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ។
បន្ទាប់ពីពិធីបើកជាផ្លូវការហើយនោះ ក៏មានការបើកកិច្ចពិភាក្សាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» និងកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព៖ ដើម្បីមនុស្សជាតិ និងភពផែនដី»។
តាមការគ្រោងទុកតាមរយៈកិច្ចប្រចុំនេះ គណៈកម្មាធិការប្រតិបត្តិ CDI នឹងអនុម័តលើសេចក្តីប្រកាសក្រុងសៀមរាប រួមទាំងសេចក្តីសម្រេចចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិកជាគណបក្សនយោបាយចំនួន៤។
សូមបញ្ជាក់ថា បច្ចុប្បន្នអង្គការ CDI មានសមាជិកជាង ១០៩គណបក្ស មកពី ៨៣ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។
គណបក្សប្រជាជនកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិមកហើយ៕