ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូJICA លើគម្រោងសិក្សាពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតភាគខាងលិចរាជធានីភ្នំពេញ

នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ត្រីជំនាញក្រសួង បានទទួលជួបពិភាក្សាការងារស្តីពីគម្រោងសិក្សាពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតភាគខាងលិចរាជធានីភ្នំពេញ ជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដឹកនាំដោយលោក យុក សេងអាន មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកទឹកស្អាត និងមន្រ្តីមកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងទីប្រឹក្សាគម្រោងរបស់JICA។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចជំនួបនាពេលនេះគឺដើម្បីសុំកិច្ចសហការពីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរៀបចំគម្រោងសិក្សាពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតពីស្ថានីយផ្គត់ផ្គង់ទឹកស្អាតនិរោធទៅដល់ផ្លូវជាតិលេខ៣ ភាគខាងលិចរាជធានីភ្នំពេញ។
សូមជម្រាបថា នៅក្នុងកិច្ចជំនួប ទីប្រឹក្សាសិក្សាគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានធ្វើបទបង្ហាញនូវសំណើគម្រោងគន្លងបំពង់មេចំនួន ពីរខ្សែដែលតភ្ជាប់ពីស្ថានីយផ្គត់ផ្គត់ទឹកស្អាតនិរោធ មកតំបន់ភាគខាងលិចរាជធានីភ្នំពេញ ដើម្បីធ្វើការជ្រើសរើសយកគន្លងបំពង់មេចំនួន ១ខ្សែ សម្រាប់សិក្សាគំរូប្លង់លម្អិត និងសម្រាប់ការសាងសង់នាពេលខាងមុខ។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងគន្លងបំពង់មេផ្គត់ផ្គង់ទឹកស្អាតទាំងពីរខ្សែនេះដែរ ទីប្រឹក្សាសិក្សាគម្រោងរបស់JICA បានស្នើសុំកិច្ចសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការដាក់បំពង់ទឹកស្អាតនៅបាតទន្លេបាសាក់ និងនៅតាមបណ្តោយប្រឡាយមេជើងឯក និងបណ្តាប្រឡាយផ្សេងៗទៀត។
ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋលេខាធិការ បានឯកភាពទទួលយកសំណើសុំកិច្ចសហការរបស់ទីប្រឹក្សាសិក្សាគម្រោងរបស់ JICA នៅក្នុងការរៀបចំគម្រោងសិក្សាពង្រីកសមត្ថភាពផ្គត់ផ្គត់ទឹកស្អាតនៅរាជធានីភ្នំពេញ ក្រោមជំនួយបច្ចេកទេសរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)៕

អត្ថបទដែលជាប់ទាក់ទង