ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី
(សៀមរាប)៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Ferdinand Martin G. Romualdez ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នៅខេត្តសៀមរាប។
ក្នុងឱកាសនៃជំនួបនោះ លោកប្រធានសភាតំណាងរាស្ត្រហ្វីលីពីន បានអបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) បានយ៉ាងល្អប្រសើរ និងកោតសរសេីរភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។ លោកប្រធានសភា បានបង្ហាញក្តីសោមនស្សរីករាយចំពោះការលូតលាស់នៃទំនាក់ទំនងហ្វីលីពីន-កម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន ដែលជ្រើសរើសមកធ្វើការ និងមកទស្សនាប្រទេសកម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងថែមទៀត។ ក្នុងន័យនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. សម្តេចបវរធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហ្វីលីពីន នាដើមឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
សម្ដេចបវរធិបតី និងលោកប្រធានសភា បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហការក្នុងវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យកសិកម្ម និងសន្តិសុខស្បៀង, វិស័យទេសចរណ៍ និងលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់បន្ថែម, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, វិស័យសុខាភិបាល, វិស័យការពារជាតិ និងសន្តិសុខ។ សម្ដេចបវរធិបតី និងលោកប្រធានសភា ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរផងដែរ៕