សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យកម្ពុជារៀនសូត្រពីទីម័រ លើការគ្រប់គ្រងធនធានប្រេង
ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឱ្យកម្ពុជារៀនសូត្រពីប្រទេសទីម័រឡេស្តេ លើការគ្រប់គ្រងធនធានប្រេង ព្រោះកម្ពុជាមិនទាន់មានពិសោធន៍លើវិស័យនេះនៅឡើយ។
បំណងនេះត្រូវបានសម្តេចតេជោ លើកឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងប្រទេសទីម័រឡេស្តេ មានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក។ ក្នុងនោះប្រទេសទីម័រឡេស្តេ មានសមត្ថភាព និងបទពិសោធន៍ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជាមានស្បៀងដែលនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា។ បន្ថែមពីលើនេះ កម្ពុជា ត្រូវការរៀនសូត្រពីទីម័រឡេស្តេ លើការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់ បានវិនិយោគ ឬក៏យកផលប្រយោជន៍ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ។
ក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានបង្ហាញការរីករាយចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា និងទីម័រឡេស្តេ។ ជាពិសេសការរីកចម្រើនលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយទំហំពាណិជ្ជកម្មក៏បានកើនឡើងគួរឱ្យកត់សម្គាល់។ សម្តេចតេជោ ក៏បានអរគុណទីម័រឡេស្តេ ដែលបានទិញអង្ករពីកម្ពុជា ចំនួន ៤ពាន់តោននៅឆ្នាំ២០២៤នេះ។
ពាក់ព័ន្ធបញ្ហាស្បៀងនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ជាអនុសាសន៍ឱ្យទីម័រឡេស្តេ ពិចារណាវិនិយោគនៅកម្ពុជា លើការបង្កើតឃ្លាំងស្តុក ឬម៉ាស៊ីនកិនស្រូវ និងទិញស្រូវយកមកកិនហើយនាំអង្ករទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗទៀត ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង៕