មានករណីអគ្គិភ័យឆេះផ្ទះ មួយកន្លែង ក្នុងខណ្ឌចំការមន
ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះជាន់ទី២ បង្កការខូចខាតផ្ទះស្ទើរទាំងស្រុង រួមជាមួយនឹងសម្ភារៈមួយចំនួនផងដែរ តែមិនបានរាលដាល ឬ នរណារងរបួសនោះឡើយ ។
ករណីនេះ ម្ចាស់ផ្ទះឈ្មោះហៀង ឆាយ ភេទប្រុសអាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកលក់ក្ដារបន្ទះ សំណង់ថ្មបេតុងទំហំ០៥ម៉ែត្រx១៦ម៉ែត្រ ។
គ្រោះអគ្គិភ័យនេះ បង្កការភ្ញាក់ផ្អើលនា ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះជាន់ទី២ តាមបណ្តោយផ្លូវ ១៦៧កែង៤៤៤ ក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរខាងបានអោយដឹងថា គេធុំក្លិនឈ្ងៀមចេញពីផ្ទះកើតហេតុ នឹងមានលាយឡំផ្សែងហុយខ្មៅឃ្មួលឃ្មាញ់ ហ៊ុយចេញមកក្រៅ ។ ភ្លាមៗ ក៏មានសំឡេងស្រែកចេញពីខាងក្នុងផ្ទះដែលឆាបឆេះ ទើបបង្កអោយមានការឆោរឡោរដល់ប្រជាពលរដ្ឋ រាយការណ៍ជូននឹងសមត្ថកិច្ច ដើម្បីអោយសមត្ថកិច្ចជួយបន្តទាក់ទង ទៅមន្រ្តីជំនាញបង្ការនឹងពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់ជៀសវាងមានការរាលដាល ។
អគ្គិភ័យខាងលើបានឆាបឆេះផ្ទះជាន់ទី០២ប្រភេទថ្មបេតុង ត្រូវបានឆាបឆេះស្ទើរទាំងស្រុង រួមជាមួយសម្ភារៈមួយចំនួនផងដែរ តែមិនបង្កអោយនរណារងរបួសនោះឡើយ នឹងមិនមានការរាលដាលដល់ផ្ទះដទៃនោះឡើយ ។ ហើយក្នុងប្រតិបត្តិការខាងលើនេះដែរ រថយន្តបង្ការនឹងពន្លត់អគ្កិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកដល់ទីតាំងចំនួន០៥គ្រឿងនិង បាញ់រលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕