ប្តីបាត់ប្រពន្ធពីខ្ទម គាត់ក៏បានដើររក ហើយឃើញស្បែកជើងប្រពន្ធ ស្ថិតនៅមាត់រណ្ដៅដីក្បែរកន្លែងស្នាក់នៅ ភ្លាមនោះស//ង្ស័យថា ប្រពន្ធលង់ទឹក

ភ្នំពេញ ៖ កាលពី ល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅចំណុចរណ្ដៅដីមួយកន្លែង ស្ថិតនៅតាមផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសអ្នករើសអេតម្នាក់ បានទុកប្រពន្ធ ដែលមានជំងឺសរសៃប្រសាទផង និងឆ្កួតជ្រូកផង ឲ្យនៅចាំខ្ទម ដែលសង់នៅក្បែរមាត់រណ្ដៅដី ឲ្យនៅតែម្នាក់ឯង។ បន្ទាប់មក គាត់ក៏បានទៅរកទិញបារីជក់នៅក្នុងភូមិ លុះពេលត្រលប់មកវិញ បាត់ប្រពន្ធពីខ្ទម គាត់ក៏បានដើររក ហើយឃើញស្បែកជើងប្រពន្ធស្ថិតនៅមាត់រណ្ដៅដីក្បែរកន្លែងស្នាក់នៅ ភ្លាមនោះសង្ស័យថា ប្រពន្ធលង់ទឹក ក៏ក្រឡេកមើលទៅក្នុងទឹក ពេលនោះក៏ស្រាប់តែប្រទះឃើញដៃប្រពន្ធចេញពីក្នុងទឹកត្រឹម.កដៃ ទើបដឹងថា ប្រពន្ធលង់ទឹក ហើយគាត់ក៏ចុះទៅស្រង់ឡើងគោក ធ្វើចលនាបេះដូងសង្គ្រោះបឋម ប៉ុន្តែជាអកុសល ប្រពន្ធបានបាត់បង់ជីវិតទៅហើយ ។
ស្ត្រីរងគ្រោះខាងលើឈ្មោះ ស៊ុយ ស្រីមុំ អាយុ២៥ឆ្នាំ មុខរបររើសអេតចាយ មានប្ដីឈ្មោះ យ៉ង់ ប្រុញ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិអន្ទង់នាគ ឃុំស្ដៅកូន ស្រុកបាភ្នំ ខេត្តព្រៃវែង។ សព្វថ្ងៃ ស្នាក់នៅមិនពិតប្រាកដ ដោយម្ដងស្នាក់នៅកន្លែងនេះ និងម្ដងនៅកន្លែងនោះ ឲ្យតែមានកន្លែងទំនេរ គឺពួកគាត់ធ្វើខ្ទម ប្រក់តង់ ស្នាក់នៅហើយ ។
បើតាមបុរសជាប្តី បានប្រាប់ឲ្យដឹងថា គាត់និងប្រពន្ធ បានរៀបការជាមួយគ្នា ជាប្ដីប្រពន្ធ រយៈពេល៤ឆ្នាំកន្លងមកហើយ អត់មានកូនទេ និងបានប្រកបរបររើសអេតចាយ ទាំង២នាក់ ហើយក្រោយមកប្រពន្ធគាត់មានជំងឺសសៃប្រសាទ និងឆ្កួតជ្រូក ដោយកន្លងមក ឧស្សាហ៍ប្រកាច់បែកពពុះមាត់ថែមទៀតផង ។ ដោយឡែក នៅមុនពេលកើតហេតុ រូបគាត់បានដេកឱបប្រពន្ធតាំងពីព្រឹក រហូតដល់វេលាល្ងាច ទើបទុកប្រពន្ធ ឲ្យនៅចាំខ្ទមស្នាក់នៅក្បែរមាត់រណ្ដៅដីកន្លែងកើតហេតុខាងលើតែម្នាក់ឯងប៉ុណ្ណោះ ហើយរូបគាត់ បានដើរទៅរកទិញបារី នៅក្នុងភូមិដើម្បីយកមកជក់ ។

ក្រោយពេលទិញបារីបានហើយ គាត់ក៏បានដើរត្រឡប់ទៅកាន់ខ្ទមវិញ ប៉ុន្តែពេលទៅដល់ បាត់មិនឃើញប្រពន្ធនៅក្នុងខ្ទមឡើយ គាត់ក៏បានដើរទៅសួរអ្នកជិតខាង តែអត់មានអ្នកបានដឹង និងឃើញឡើយ ក្រោយមកទៀត គាត់ក៏ដើររកតាមមាត់រណ្ដៅដី ហើយបានឃើញស្បែកជើងប្រពន្ធនៅមាត់ទឹក ។ ខណៈនោះ គាត់មានការសង្ស័យថា ប្រពន្ធលង់ទឹក គាត់ក៏បានក្រឡេករកមើលទៅក្នុងទឹកបន្តទៀត ក៏ស្រាប់តែឃើញដៃប្រពន្ធ ផុសចេញពីក្នុងទឹក ឯខ្លួនលិចបាត់ ទៅក្នុងទឹកជម្រៅប្រមាណត្រឹមចង្កេះ ហើយគាត់ក៏បានចុះទៅស្រង់ឡើងគោក ធ្វើចលនាបេះដូងសង្គ្រោះបឋម ប៉ុន្តែប្រពន្ធបានដាច់ដង្ហើមទៅហើយ ។
ក្រោយពីទទួលបានដំណឹងថា មានមនុស្សស្លា.ប់ក្នុងទឹក កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះភ្លាមៗ ហើយបានរាយការណ៍បន្តទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីមានវិធានការបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង