រដ្ឋមន្ត្រីការពារជាតិអាម៉េរិក អះអាងថា សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ

ម៉ានីល៖ នៅថ្ងៃអង្គារទី១៩ ខែវិច្ឆិកាថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិក លោក ឡយដ៍ អូស្ទីន បានអះអាងសម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ ខណៈប្រទេសទាំងពីរផ្លាស់ប្ដូររដ្ឋបាលគ្នាទៅវិញទៅមក។ ទន្ទឹមនឹងប្រមុខការពារជាតិអាម៉េរិក បានរំលឹកឡើងវិញនូវការគាំទ្ររបស់រដ្ឋធានីវ៉ាស៊ីនតោនចំពោះប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។
កំលុងពេលទស្សនកិច្ចទៅកាន់ទីបញ្ជាការយោធាហ្វីលីពីននៅលើកោះប៉ាឡាវ៉ាន់ (Palawan) នៅសមុទ្ទចិនខាងត្បូង លោក ឡយដ៍ អូស្ទីន សរសើរនៅមុខសន្និសីទសារព័ត៌មានថា ហ្វីលីពីននឹងនៅតែជាប្រទេសសំខាន់បំផុតមួយសម្រាប់សហរដ្ឋអាម៉េរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទាំងលោក អូស្ទីន និងប្រមុខការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ បានសម្ដែងការព្រួយបារម្ភចំពោះសកម្មភាពរបស់ចិននៅសមុទ្ទចិនខាងត្បូង ខណៈប្រធានមន្ទីរបញ្ចកោណរូបនេះ បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តការពារចំពោះហ្វីលីពីន ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឆ្នាំ១៩៥១។
លោក អូស្ទីន បានលើកឡើងថា សន្ធិសញ្ញានេះក៏នឹងត្រូវអនុវត្តក្នុងករណីមានការវាយប្រហារប្រដាប់អាវុធនៅក្នុងសមុទ្ទចិនខាងត្បូងផងដែរ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីចិន បានប្រើប្រាស់វិធានការដ៏គ្រោះថ្នាក់ និងស្រួចស្រាវខ្លាំងលើការទាមទារស្ទើរតែទាំងស្រុងនៃលម្ហសមុទ្ទចិនខាងត្បូង។
គួរបញ្ជាក់ថា ហ្វីលីពីន និងចិន បានជាប់គាំងក្នុងជម្លោះម្ដងហើយម្ដងទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញលក្ខណៈជម្លោះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រដ្ឋធានីម៉ានីល ដោយបង្កឱ្យមានការព្រួយបារម្ភក្នុងតំបន់កាន់តែខ្លាំងឡើងទូទាំងតំបន់៕

អត្ថបទដែលជាប់ទាក់ទង