សារាយតេជោសែនជ័យ ឆ្ងល់! អ្វីដែលមហាជនលើបណ្តាញសង្គមលើកឡើងថា ជារឿងមិនសមទំនងនោះគឺ…. ជុំវិញបញ្ហាមិនប្រក្រតី និងអយុត្តិធម៌នេះ

ភ្នំពេញ ៖ យើងគ្រប់បានដឹងហើយថា លទ្ធផលផ្លូវការនៃការប្រណាំងទូកង ក្នុងព្រះរាជពិធីបុណ្យទូក ឆ្នាំ២០២៤ ដែលត្រូវបានប្រកាសដោយគណកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ គឺទូកដែលមានឈ្មោះថា «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ ក្រោមការឧបត្ថម្ភរបស់ ឯកឧត្ដម កែវ រតនៈ និងឯកឧត្ដម ខូយ រីដា ជាប់ចំណាត់ថ្នាក់លេខ១ ខណៈដែលម្ចាស់ការពារតំណែងជើងឯកចាស់ គឺទូក «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានត្រឹមលេខ ២ តែប៉ុណ្ណោះ ។ អ្វីដែលមហាជនលើបណ្តាញសង្គមលើកឡើងថា ជារឿងមិនសមទំនងនោះគឺ «សារាយតេជោសែនជ័យ» បានឈរនៅចំណាត់លេខ១ ទាំងថ្ងៃទី១ ទាំងថ្ងៃទី២ ពោល គឺទាំងពីរថ្ងៃជាប់គ្នា ខណៈដែលទូក «តេជោកែវវិជ័យបារមីចៅសែន» ឈរនៅចំណាត់ លេខ២ ពីរថ្ងៃជាប់គ្នា ប៉ុន្តែលទ្ធផលថ្ងៃទី៣ បែជាថេរវេលាទូក «សារាយតេជោសែនជ័យ» ហាក់ច្រើនខុសពីប្រក្រតី ដែលបង្កឱ្យមានការសង្ស័យចំពោះកំហុសគណកម្មការ ឬបញ្ហាបច្ចេកទេសណាមួយរហូតដល់មហាជននៅតាមបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រទូក «សារាយតេជោសែនជ័យ» នាំគ្នាឱ្យយោបល់ថា គួរធ្វើលិខិតប្តឹងតវ៉ាទៅកាន់ផេកសម្តេចតេជោហ៊ុន ដើម្បីសំណូមពរឱ្យមានការសើរើត្រួតពិនិត្យលទ្ធផលប្រណាំងឡើងវិញថែមទៀតផង។
ភាពមិនប្រក្រតីដែលមហាជនចង់ស្នើឱ្យពិនិត្យនោះមានច្រើនចំណុចដូចជា ៖ ទី១ ៖ វិនាទីរបស់ទូក សារាយតេជោសែនជ័យ ដែលបានបានប្រកួតយកឈ្នះអន្ទង់ស ថ្ងៃទីបី គឺទូកឈ្នះដាច់មួយទូកតែវិនាទីខុសមិនដល់១វិនាទីផង ទាំងដែលការប្រកួតជើងទីមួយ ថ្ងៃទីបី ទូកតែសុទ្ធជាកំពូលល្បឿន ហើយទូកពិសេសទាំងអស់សុទ្ធតែក្រោម៥នាទី ហេតុអ្វីនាទីរបស់សារាយតេជោសែនជ័យ ឡើងដល់៥នាទី១០វិនាទីចុច១៧ ខណៈដែលជើងទី២ ៤នាទី៥៦វិនាទីចុច៨៣ ដែលថេរវេលាថ្ងៃទី៣ ទាំង២ជើង សុទ្ធតែច្រើនពីនាទីនៃការអុំទាំង៤ជើងក្នុងថ្ងៃទី១ និងថ្ងៃទី២ ។ ទី២ ៖ វិនាទីនិងថេរវេលា ដូចគ្នា១០០% ដូចកូពីផាស ដល់ទៅ៤គូ ។
ប្រភពពីព្រះគ្រូ ផាត់ សុខនឹម ព្រះចៅអធិការវត្តពិជ័យរង្សី ហៅវត្តអញ្ជែង ស្ថិតនៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ដែលដឹកនាំទូក(ង) «សារាយតេជោសែនជ័យ» បានចេញមុខបង្ហោះសារតាមហ្វេសបុកថា គូទី៦៨: សារាយតេជោសែនជ័យ ជើងទី ១ 5:10:17 ជើងទី២ 4:56:83 ប៉ះ សារ៉ាត់សែនជ័យបារមីអន្ទង់ស ជើងទី១ 5:16:64 ជើងទី២ 4:57:29 ។ ថេរវេលារបស់ទូកទាំងពីរនៃគូ ៦៨នេះ គឺដូចគ្នាបេះបិទ ទៅនឹងគូទី៧៥: មហាទន្សាយ ប៉ះសុវណ្ណារាជសីហ៌ គូទី៨៩: មហាជាតិបុត្រ ប៉ះ កំពូលអធិរាជត្រៃភព និង គូទី១៤០ ៖ ចន្ទរះធបតី ប៉ះសារាយផ្កាយព្រឹក ។ ក្រៅពីវិនាទីដូចគ្នានៃគូទាំង៤ មានសេចក្តីរាយការណ៍ថា ទូកជាច្រើនក៏ជួបនូវរឿងអយុត្តិធម៌ជាមួយថេរវេលាច្រើនខុសពីធម្មតា ហើយដែលបានធ្វើឱ្យទូករបស់ពួកគេធ្លាក់ពីចំណាត់ថ្នាក់លេខ៣ នៅថ្ងៃទី៣ មកដល់លេខ ៥០ក៏មាន ។
ទី៣ ៖ មានការលើកឡើងថា តារាងលទ្ធផលចំណាត់ថ្នាក់ទូកលេខ១ លេខ២ និងលេខ៣ ត្រូវបានព្រីនចេញដូចដឹងលទ្ធផលមុនទាំងដែលការប្រកួតនៅមិនទាន់ចប់ ហើយពេលនោះទូកសារាយតេជោសែនជ័យ នៅមិនទាន់បានប្រកួតជើងទី២ផង ។ ការលើកឡើងបែបនេះរបស់មហាជនលើហ្វេសបុកដោយសារតែពួកគាត់បានឃើញនៅបញ្ជីរាយនាមចំណាត់ទូក ទូកអុំ ទូកចែវ ដែលចេញដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ដោយយោងលើពេលវេលាដែលមានបញ្ជាក់នៅក្នុងក្រដាសនោះដែលមានដាក់ពេលវេលាម៉ោង១៣និង៣០នាទីរសៀល ដែលតាមពិតទៅនោះគ្រាន់តែជាពេលវេលា ដែលតម្រូវឱ្យទូកជ័យលាភីដែលមានឈ្មោះក្នុងបញ្ជីត្រូវមកជួបជុំគ្នានៅម៉ោងនោះ ដើម្បីទទួលពានរង្វាន់ជ័យលាភី ដែលប្រទានដោយអង្គព្រះមហាក្សត្រ ។

អត្ថបទដែលជាប់ទាក់ទង