ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យជាក់ស្តែងប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹក ៣០កញ្ញា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
នៅថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកបណ្ឌិត ជឹម កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យស្ថានភាពជាក់ស្តែងប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹក ៣០កញ្ញា ស្ថិតក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។
សូមជម្រាបថា ទំនប់អាងទឹក ៣០កញ្ញា មានសមត្ថភាពស្តុកទឹកបានប្រមាណ ៣៥លានម៉ែត្រគូប និងមានសំណង់សំខាន់ៗដូចជា៖ ទំនប់ប្រវែង ១២០០ម៉ែត្រ ប្រឡាយមេបេតុងចំនួន ៣ខ្សែ មានប្រវែងសរុប ៥១ ០០០ម៉ែត្រ ប្រឡាយរងទី១បេតុងចំនួន ១៣ខ្សែ មានប្រវែងសរុប ៩១ ៧០០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនកន្លែងទៀត។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹក ៣០កញ្ញា នាពេលបច្ចុប្បន្នត្រូវបានរក្សាទឹកទុកក្នុងអាងពេញបាន១០០%តាមការកំណត់ ហើយបរិមាណទឹកនេះគឺរក្សាទុកសម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ៨ពាន់ហិកតា និងផ្តល់ប្រភពទឹកប្រើប្រាស់នារដូវប្រាំង សម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ជួយកាត់បន្ថយនូវគ្រោះទឹកជំនន់ និងរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀតក្នុងការគ្រប់គ្រង និងរក្សាទឹកទុកក្នុងអាង ហើយរៀបចំផែនការក្នុងការប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង៕