ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន CHILBO Industry Co., Ltd ដឹកនាំដោយលោក LEE Soung Ho
នារសៀល ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅទីស្ដីការក្រសួង ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្រ្តីបច្ចេកទស បានទទួលជួបពិភាក្សាការងារជាមួយលោក LEE Soung Ho នាយកគ្រប់គ្រងក្រុមហ៊ុន CHILBO Industry Co., Ltd និងសហការី។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) លើការប្រើប្រាស់ធនធានទឹកសម្រាប់ផលិតថាមពលវារីអគ្គិសនីខ្នាតតូចនិងមធ្យម ហើយក្រុមហ៊ុនក៏បានស្នើសុំធ្វើការសិក្សាសមិទ្ធិលទ្ធភាពសក្តានុពលធនធានទឹកសម្រាប់ផលិតថាមពលវារីអគ្គិសនីខ្នាតតូចនៅអាងទឹករក្សា ស្ថិតក្នុងខេត្តព្រះវិហារផងដែរ៕