សម្រេចឃុំខ្លួនមន្ដ្រីនគរបាលស័ក្ដិ៥នាក់ ដែលបា..ញ់ពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យរបួស ផ្ដើមពីទំនាស់ពាក្យសម្ដី

(កណ្ដាល)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក មៀច សិទ្ធិការ្យជេស៉ីការ្យ បានសម្រេចឃុំខ្លួនមន្ដ្រីនគរបាលស័ក្ដិ៥នាក់ ដែលបម្រើការងារនៅអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ពាក់ព័ន្ធករណីបាញ់ប្រហារបណ្ដាលឲ្យ២នាក់ប្ដីប្រពន្ធរងរបួស ដោយសារផ្ដើមចេញពីទំនាស់ពាក្យសម្ដី ដែលជនរងគ្រោះបង្កការរំខាន់ និងទៅរករឿងជនបង្កដល់ក្នុងបន្ទប់ជួល។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា មន្ដ្រីនគរបាលឈ្មោះ សយ សុផានី អាយុ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងឃាតកម្ម» ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែក ឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការចោទប្រកាន់បទល្មើសខាងលើ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថា ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធឈ្មោះ ស៊ាង តូម៉ា អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី (ត្រូវចំនួន៣គ្រាប់) និងប្រពន្ធឈ្មោះ ជា សុភី អាយ៥៤ឆ្នាំ មុខរបរនៅផ្ទះ (ត្រូវ១គ្រាប់ ចំជើងខាងស្តាំ)។
ដោយឡែក ខ្មាន់កាំភ្លើងឈ្មោះ សយ សុផានី អាយុ៥៩ឆ្នាំ ជាមន្ដ្រីនគរបាល ឋានន្តរស័ក្តិ វរសេនីយ៍ឯក តួនាទីជាប្រធានសាខាប្រមូលថវិការចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានទីលំនៅភូមិព្រែកឫស្សីលិច សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល។
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជួលបន្ទប់លេខ២ ជាមួយប្តីប្រពន្ធ និងចៅចំនួន២នាក់ ជាប់បន្ទប់ជាមួយជនសង្ស័យដែលជួលបន្ទប់លេខ៣ ជាប់គ្នា តែងតែមានពាក្យសំដីមិនត្រូវគ្នា រឿងបញ្ហាផឹកស៊ីមាត់ឡូឡាលឺៗ នៅមុខបន្ទប់។
លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី ជនសង្ស័យឈ្មោះ សយ សុផានី បានអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូកង់បី (PassApp) មកដល់បន្ទប់មានសភាពស្រវឹងទាំង ២នាក់ បានមកដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេរដោយពាក្យសំដីធ្ងន់ៗ។
ពេលនោះក៏ជនសង្ស័យស្រែកហៅម្ទាស់ផ្ទះជួលឲ្យជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ជេរសម្លេងលឺៗ ក៏ធ្វើឲ្យជនសង្ស័យប៉ះពាក្យសំដី ក៏ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ធ្វើឲ្យជនសង្ស័យយកកាំភ្លើងចេញមក ក៏បាញ់ទៅលើជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ។
បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
តាមការរៀបរាប់របស់ជនស្ស័យបានឲ្យដឹងថា ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេរទៅលើជនសង្ស័យមិនមានមូលហេតុ ហើយបានរករឿងជនសង្ស័យដល់ក្នុងបន្ទប់ ក៏មានចិត្តខឹងទាញកាំភ្លើងបាញ់មកលើជនរងគ្រោះប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង