ករណីឃាតកម្ម! បានកើតឡើងនៅចំណុចក្រុមហ៊ុនឡុងបេ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង
ខេត្តកោះកុង ៖ កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៤ មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចក្រុមហ៊ុនឡុងបេ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
ករណីមនុស្សឃាតនេះបង្កឡើងដោយឈ្មោះ LI RUI AN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន សញ្ជាតិចិន លិខិតឆ្លងដែន (យកទៅបន្តវីហ្សានៅភ្នំពេញ ) បានយកកាំបិតចិតបន្លែដងឈើ ចាក់ទៅលើជនរងគ្រោះឈ្មោះ QIU YIYONG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កាន់លិខិតឆ្លងដែនលេខ EG7803919 ចំខាងលើផ្ចិត បណ្តាលអោយស្លាប់នៅពេលដែលបញ្ជូនមកដល់ មន្ទីរពហុព្យាបាល ស្ថិតក្នុងតំបន់តារាសាគរ ក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
មូលហេតុដើមហេតុដំបូង គឺជនរងគ្រោះបានឈ្លោះប្រកែកគ្នារឿងដណ្តើមកាបូបជាមួយជនសង្ស័យ ហើយជនរងគ្រោះបានវាយទៅលើជនសង្ស័យ ដោយជនសង្ស័យឃើញជនរងគ្រោះមានមាឌធំជាងខ្លួន ទើបជនសង្ស័យ ក៏បានស្ទុះទៅយកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង ។
សាក្សីជាច្រើននៅកន្លែងកើតហេតុបានអះអាងថា ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងជាបន្ទាន់ ។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីជម្លោះឈានដល់ការចាក់សម្លាប់គ្នាបែបនេះ មិនមែនទើបតែកើតលើកទី១ទេ នៅក្នុងកាស៊ីណូអនឡាញខុសច្បាប់ឈ្មោះឡុងបេ នេះ ប៉ុន្តែកន្លងមក ថៅកែកាស៊ីណូខុសច្បាប់ខាងលើ តែងតែប្រើលុយអោយខ្មោចកិនម្សៅ បង្វែររឿងទៅជាលោតសំលាប់ខ្លួនធ្វើអត្តឃាតជាដើម ៕