អ្នកទាញយកកម្មវិធី Cambodia e-Arrival មានជាងកន្លះលាននាក់ហើយ គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកានេះ

ភ្នំពេញ៖ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតចាប់ពីដើមខែកញ្ញា រហូតដល់ពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកទាញយកកម្មវិធី Cambodia e-Arrival ទៅប្រើប្រាស់បានកើនឡើងដល់ជាង៥៤ម៉ឺននាក់ហើយ។
បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកទាញយកកម្មវិធីទៅប្រើមានជាងកន្លះលាន ប៉ុន្តែចំនួនអ្នកបានចូលទៅបំពេញបែបបទចេញ និងចូលប្រទេសមាណជាង ៣លាន ១សែននាក់ឯណោះ ទាំងអ្នកបំពេញពីចំងាយ និងអ្នកមកបំពេញផ្ទាល់នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ។
អាកាសយានដ្ឋានអន្តរជាតិដែលកំពុងដំណើរការប្រព័ន្ធ Cambodia e-Arrival ជូនភ្ញៀវបំពេញបែបបទនោះ រួមមាន អាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
Cambodia e-Arrival គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីរួមចំណែកបង្កភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរដ្ឋសភា។
ក្នុងប្រព័ន្ធ Cambodia e-Arrival អ្នកដំណើរ អាចចូលទៅបំពេញព័ត៌មានខ្លីៗ រួមមាន ១.ការប្រកាសសុខភាពរបស់សុខាភិបាល ២.ការស្នើសុំទិដ្ឋាការពេលមកដល់របស់អន្តោប្រវេសន៍ ៣.សលាកបត្រចូល-ចេញរបស់អន្តោប្រវេសន៍ និង៤.ការប្រកាសរបស់គយ។
ការប្រើប្រាស់ Cambodia e-Arrival សាធារណជន ឬ អ្នកដំណើរជាតិ និងអន្តរជាតិ អាចចូលបំពេញបាន៧ថ្ងៃមុនថ្ងៃចេញដំណើរ និងអាចប្រើបានចំនួន៧ភាសាឯណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ ដដែល។
ដើម្បីប្រើប្រាស់ សាធារណជនគ្រាន់ តែចូលទៅ App & Website APP: Cambodia e-Arrival (App Store & Play Store) និង Website: https://interior.gov.kh/tech_application_suite៕

អត្ថបទដែលជាប់ទាក់ទង