រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំស្ដីពី ការសិក្សាស្រាវជ្រាវអំពីបទដ្ឋានបច្ចេកទេសផ្លូវជនបទ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការសិក្សាស្រាវជ្រាវអំពីបទដ្ឋានបច្ចេកទេសផ្លូវជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស និងលោក លោកស្រី ជាក្រុមការងាររៀបចំកែសម្រួលបទដ្ឋានបច្ចេកទេសផ្លូវជនបទ។
បន្ទាប់ពីបានស្ដាប់បទអន្ដរាគមន៍របស់ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស, ការធ្វើបទបង្ហាញស្ដីពី បទដ្ឋានបច្ចេកទេសផ្លូវជនបទ ដោយលោក អាត ចាន់ដេវីត អគ្គនាយករងបច្ចេកទេស និង បទបង្ហាញស្ដីពី ការធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសផ្លូវជនបទ ដោយ លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ រួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដែលបានរៀបចំឯកសារជាលក្ខណៈបច្ចេកទេសនេះឡើង ព្រមទាំងបានផ្ដល់វេទិកាដល់អង្គប្រជុំផ្ដល់ធាតុចូល ដើម្បីឱ្យឯកសារនេះ មានលក្ខណៈត្រឹមត្រូវតាមបទដ្ឋាន។
ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការរៀបចំ និងកែសម្រួលឯកសារបទដ្ឋានបច្ចេកទេសនេះ គឺដើម្បីធានាឱ្យមានសង្គតិភាពរវាងស្ថានភាពផ្លូវជនបទបច្ចុប្បន្ន ជាមួយនឹងចំនួនចរាចរណ៍នៅតំបន់ជនបទ និងការវិវត្តន៍នៃតំបន់ជនបទនាពេលអនាគត ស្របតាមចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចង់កសាងតំបន់ជនបទប្រកបដោយ វិបុលភាព, បរិយាបន្ន,នវានុវត្តន៍, ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។
សូមបញ្ជាក់ជូនផងដែរ ក្រសួអភិវឌ្ឍន៍ជនបទ គ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី បទដ្ឋានបច្ចេកទេសផ្លូវជនបទនេះ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ជូនដល់ ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធនានា ដើម្បីទទួលបានធាតុចូលសំខាន់ៗ បន្ថែមទៀត ដោយអាចឱ្យបទដ្ឋានបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង