ក្រោយឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារ តុលាការបង្កកគណនីធនាគារបក្ខពួកលោក ជា សារ៉ន ជាង១០០ និងដីជាង២២៨ហិកតា

ខេត្តកំពត៖ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលសារព័ត៌មានទទួលបាននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រោយឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារអាម៉េរិក ដើម្បីឱ្យទិញដីឡូតិ៍របស់ខ្លួន កាលពីកំលុងឆ្នាំ២០២៣កន្លងទៅ ពេលនេះ ស្ថាប័នអយ្យការខេត្តកំពត បានបង្កកគណនីធនាគារបក្ខពួកលោកជា សារ៉ន ដល់ទៅជាង១០០ និងដីជាង២២៨ហិកតា ទុកទូទាត់ឱ្យអ្នកចាញ់បោក។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បញ្ជាក់អំពីវឌ្ឍនភាពនៃចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្ត ចំនួន៤ដូចខាងក្រោម៖ ទី១.បានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១០៦គណនី។ ទី២.បានសម្រេចបង្កកអចលនវត្ថុ(ដី) ចំនួន ២០១២ក្បាលដី ស្មើនឹងទំហំ២ ២៨៨ ៧៩៦,៨ម៉ែត្រការ៉េ (ពីរលានម្ភៃប្រាំបីម៉ឺនប្រាំបីពាន់ប្រាំពីររយកៅសិបប្រាំមួយក្បៀសប្រាំបីម៉ែត្រការ៉េ) មានទីតាំងស្ថិតនៅខេត្តកំពត, រាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកែប។ ជាមួយគ្នា សាលាដំបូងខេត្តកំពត ក៏បាននិងកំពុងស្រាវជ្រាវ ស្វែងរកនូវអចលនវត្ថុ និងចលនវត្ថុរបស់ជនត្រូវចោទដែលពាក់ព័ន្ធបន្តទៀតផងដែរ។ ទី៣.សាលាដំបូងខេត្តកំពត បាននិងកំពុងពិនិត្យ និងសិក្សាលើអចលនវត្ថុដែលត្រូវបានបង្កក ដើម្បីជាមូលដ្ឋានក្នុងការរកដំណោះស្រាយជូនជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី។ និងទី៤.សាលាដំបូងខេត្តកំពត បាននិងកំពុងពិនិត្យ ស្រាវជ្រាវនូវកម្ចី(បំណុល)របស់ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ដែលជាប់ពាក់ព័ន្ធ នឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពតគូសបញ្ជាក់ថា តុលាការខេត្តកំពត បាននិងកំពុងបន្តឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ជា សារ៉ន និងបក្ខពួក ហើយនឹងបន្តចាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក របស់ជនត្រូវចោទ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយភាពត្រឹមត្រូវច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។ សូមរំឭកថា កាលពីនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកចំនួន៩នាក់ ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារ ដើម្បីឱ្យទិញដីឡូតិ៍របស់ខ្លួន។
នៅក្នុងខេត្តកំពត មានប្រជាពលរដ្ឋចំនួន២៤៦១នាក់ ស្រី៦៨២នាក់ បានទៅខ្ចីប្រាក់ពីធនាគារ និងមីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួន ទៅដាក់វិនិយោគជាមួយក្រុម ជា សារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែទៅតាមចំនួនប្រាក់ដែលប្រជាពលរដ្ឋបានវិនិយោគ ជាមួយក្រុមហ៊ុន ដោយខ្ចីធនាគារ១ម៉ឺនដុល្លារ ត្រូវបង់ឱ្យក្រុមហ៊ុនតែ៧ពាន់ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សងធនាគារទាំងអស់។ ប៉ុន្តែរយៈពេលពីរទៅបីខែចុងក្រោយ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឱ្យខាងធនាគារមកទាលុយប្រជាពលរដ្ឋរាល់ថ្ងៃ ដែលតម្រូវឱ្យពួកគាត់ត្រូវបង់ការប្រាក់ជារៀងរាល់ខែ ទើបផ្ទុះការតវ៉ា រហូតដល់អាជ្ញាធរខេត្តចាត់វិធានការច្បាប់ចាប់ឃាត់ខ្លួន ឧកញ៉ា ជា សារ៉ន និងបក្ខពួកចំនួន៩នាក់ ជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង