សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ៨ពាន់នាក់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សរុប ៨,៣៣៩នាក់ ( ស្រី ៤,៤០១នាក់) ក្នុងនោះ ព្រះសង្ឃចំនួន ២៧អង្គ។
សូមជម្រាបជូនថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលមានតួនាទីដ៏សំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីឆ្នាំ ១៩៨០ ដល់ ឆ្នាំសិក្សា២០២១-២០២២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបណ្តុះបណ្តាលនិស្សិតសរុប ៦៤,៦៧៤នាក់ (ស្រី ២៥,៥២១នាក់) ក្នុងនោះនិស្សិតផ្នែកអាហារូបករណ៍ចំនួន ២០,៨២៥នាក់ (ស្រី ៦,៨៣៣នាក់) និងនិស្សិតផ្នែកសិក្សាបង់ថ្លៃមានចំនួន ៤៣,៨៤៩នាក់ (ស្រី ១៨,៦៨៨នាក់)។
និសិ្សតកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំសិក្សា២០២៣-២០២៤ មានចំនួន ២៩,៨១៩នាក់ (ស្រី ១៧,៧៥៣នាក់) ក្នុងនោះ និស្សិតអាហារូបករណ៍ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៣៨៣នាក់ (ស្រី ២៣៦នាក់)។
សាកលវិទ្យាល័យ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេសល្បីៗ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យដៃគូ និងស្ថាប័នផ្សេងៗទាំងក្នុងស្រុក និងបរទេសបានចំនួន២២៣ ដើម្បីធ្វើការផ្លាស់ប្តូរ និស្សិត និងសាស្រ្តាចារ្យលើការងារសិក្សា ការងារបង្រៀន និងការងារស្រាវជ្រាវ ស្របតាមតម្រូវការជាក់ស្តែង នៃកម្មវិធីសិក្សានីមួយៗ ៕