ខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងស្តីពីការរៀបចំកសាងស្ពាន ឆ្លងកាត់អូព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិ ព្រំឈមនឹងច្រកបានផាកាត

ខេត្តប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្តប៉ៃលិនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ដឹកនាំដោយឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី និងរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខាងភាគីកម្ពុជា ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ខាងភាគីថៃ ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ រដ្ឋបាលខេត្តចាន់បុរី និងគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតំលៃ អញ្ជើញមកចូលរួមកិច្ចប្រជុំពិភាក្សា ពិនិត្យលើសេចក្តីព្រាង នៃកិច្ចព្រមព្រៀង ស្តីពីការរៀបចំកសាងស្ពានឆ្លងកាត់អូព្រំដែនរវាងខេត្តទាំងពីរ ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ពលករ និងទប់ស្កាត់បទល្មើសឆ្លងដែនរវាងប្រទេសកម្ពុជា-ប្រទេសថៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានមានប្រសាសន៍លើកឡើងថា ដើម្បីពង្រឹងសមត្ថភាព ដឹកជញ្ជូនទំនិញចេញ ចូល និងការឆ្លងកាត់ព្រំដែន របស់ប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នារៀបចំសាងសង់ស្ពានថ្មី នៅច្រកព្រំដែនអន្តរជាតិព្រំ បានផាកកាដ នៃខេត្តប៉ៃលិនរបស់កម្ពុជា និងខេត្តចន្ទបូរីរបស់ថៃ ដែលសមិទ្ធផលថ្មីនេះ គឺកើតចេញពីចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសភូមិផងទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង