លោក ស៊ី ជីនពីង អំពាវនាវឱ្យមានសន្តិភាពអ៊ុយក្រែន និងបទឈប់បាញ់ហ្កាហ្សា អំឡុងធ្វើទស្សនកិច្ចនៅប្រេស៊ីល

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យមានសន្តិភាពនៅអ៊ុយក្រែន និងបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ខណៈរូបលោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរដ្ឋធានីប្រាស៊ីលីយ៉ា នៃប្រទេសប្រេស៊ីល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកានេះបានរាយការណ៍ថា លោក ស៊ី ជីនពីង បាននិយាយថាលោកផ្ទាល់ចង់ឃើញសំឡេងប្ដេជ្ញាចិត្តបន្ថែមចំពោះសន្តិភាព ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយនយោបាយមួយសម្រាប់វិបត្តិអ៊ុយក្រែន។ បើតាម Xinhua លោក ស៊ី ជីនពីង ក៏បានអំពាវនាវផងដែរឱ្យមានបទឈប់បាញ់មួយដើម្បីបិទបញ្ចប់ សង្រ្គាមក្នុងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក៏បានលើកឡើងពីសន្តិភាព និងបទឈប់បាញ់នៅហ្កាហ្សាផងដែរ ខណៈរូបលោកបានទទួលស្វាគមន៍លោក ស៊ី ជីនពីង នៅលើកម្រាលព្រំក្រហមក្នុងរដ្ឋធានីប្រាស៊ីលីយ៉ា ហើយបានសង្កត់ធ្ងន់ពីផែនការរួមមួយដើម្បីសន្តិភាពនៅអ៊ុយក្រែន។ លោក Lula បានបញ្ជាក់ទៀតថានៅក្នុងពិភពលោកមួយ ដែលកំពុងរួមរឹត ដោយជម្លោះប្រដាប់អាវុធ និងជម្លោះនយោបាយ ចិន និងប្រេស៊ីលបានតម្កល់សន្តិភាព ការទូត និងកិច្ចសន្ទនាជាអាទិភាពចម្បង៕

អត្ថបទដែលជាប់ទាក់ទង