អាល្លឺម៉ង់ នឹងត្រូវប្រឈមមុខទល់នឹងហូឡង់ នៃវគ្គ ៤ក្រុមពាន Davis Cup 2024

(ម៉ាឡាកា)៖ កីឡាករតេន្នីសរបស់អាល្លឺម៉ង់ នឹងត្រូវប្រឈមមុខដាក់គ្នាជាមួយទឹកក្រូចហូឡង់ ដើម្បីដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Davis Cup 2024 ដែលមានអេស្ប៉ាញធ្វើម្ចាស់ផ្ទះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អាល្លឺម៉ង់ដោយអវត្តមានកីឡាករលំដាប់លេខ២ ពិភពលោក Alexander Zverev បានទម្លាក់គូប្រជែងកាណាដាចេញពី Davis Cup ក្រោមលទ្ធផល ២-០ កាលពីរាត្រីថ្ងៃពុធដោយមិនឱ្យតដៃរួចឡើយ ដើម្បីឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុង Malaga។
កីឡាករ Daniel Altmaier យកឈ្នះ Gabriel Diallo ៧-៦ (៧-៥) និង ៦-៤ គ្រាដែល Jan-Lennard Struff បំបាក់ Denis Shapovalov ៤-៦ ៧-៥ និង ៧-៥ ក្នុងការជួយឥន្រ្ទីដែកអាល្លឺម៉ង់ឈានទៅវគ្គបន្ទាប់ ក្នុងនាមអតីតជើងឯក Davis Cup ៣សម័យកាលផងដែរ និងឈ្នះចុងក្រោយឆ្នាំ១៩៩៣។
គូប្រជែងរបស់ពួកគេ គឺហូឡង់បានយកឈ្នះម្ចាស់ផ្ទះអេស្ប៉ាញ កាលពីរាត្រីថ្ងៃអង្គារ ជាថ្ងៃចុងក្រោយរបស់អតីតជើងខ្លាំងលំដាប់លេខ១ ពិភពលោក Rafael Nadal ចូលនិវត្តន៍ពី Tennis តែម្តង។
គូប្រកួតបន្ទាប់ អ៉ីតាលី ត្រូវប៉ះអាហ្សង់ទីន គ្រាដែលសហរដ្ឋអាមេរិក ពើបប្រទះអូស្រ្តាលី ក្នុងការប្រជែងកៅអី ដើម្បីឡើងវគ្គ ៤ក្រុមចុងក្រោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង