ប្រជាកសិករកំពុងប្រមូលផលស្រូវ ខណៈទីផ្សារស្រូវប្រភេទផ្ការំដួល និងស្រូវផ្កាម្លិះកំពុងមានហាងឆេងល្អ ហើយតំលៃឡើងរាល់ថ្ងៃ
ខេត្តកំពង់ស្ពឺ ៖ លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានប្រាប់ឱ្យដឹងថា នៅពេលនេះ ប្រជាកសិករប្រមូលផលស្រូវផ្ការំដួល និងផ្កាម្លិះតាមបណ្តាស្រុក-ក្រុងទាំង៩ក្នុងខេត្តកំពង់ស្ពឺ ដែលភាគច្រើនប្រជាកសិករបង្កបង្កើនផលស្រូវផ្ការំដួលមានស្រុកសំរោងទង ស្រុកភ្នំស្រួច និងស្រុកបសេដ្ឋអាចទទួលបានទិន្នផលប្រសើរជាងឆ្នាំមុន ។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅតាមបណ្តាលស្រុកនានាមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ប្រជាកសិករកំពុងប្រមូលផលស្រូវ ខណៈទីផ្សារស្រូវប្រភេទផ្ការំដួល និងស្រូវផ្កាម្លិះកំពុងមានហាងឆេងល្អ ហើយតំលៃឡើងរាល់ថ្ងៃ។
លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺបានបញ្ជាក់ថា រហូតពេលនេះ ស្រូវផ្ការំដួលកំពុងដល់រដូវប្រមូលផល ហើយលក់តំលៃគឺប្រសើរឡើងរាល់ថ្ងៃ ។ ជាក់ស្តែងពេលនេះឈ្មួញទិញស្រូវសើមទិញដល់ស្រែលេខ១ក្នុង១គីឡូក្រាមតំលៃ១.៤០០រៀលបើប្រៀបធៀបឆ្នាំមុនតំលៃស្រូវផ្ការំដួលគឺប្រសើរជាងឆ្នាំមុន ៕