សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកថារដ្ឋាភិបាលឃើញតែអួត អត់មានអ្វីសោះនោះ សុទ្ធតែអ្នកមិនព្រមបើកភ្នែក

ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ គិតមកទល់នឹងពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ដែលរដ្ឋាភិបាលថ្មីអាណត្តិទី៧បានចាប់កំណើត ហើយក្នុងនោះមានសមទ្ធិផលជាច្រើន បានកើតឡើងជាហូរហែរ ក្នុងនោះក៏មានក្រុមអគតិមួយចំនួន បានរិះគន់ទៅលើរដ្ឋាភិបាលថា បានតែអួតមិនឃើញមានអ្វីសោះនោះ ត្រូវបានសម្តេចធិបតី តបទៅវិញថា អ្នកដែលនិយាយទាំងនោះ សុទ្ធតែមិនព្រមបើកភ្នែកមើល ។

នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “អ្នកខ្លះថា ១ឆ្នាំជាងនេះ រដ្ឋាភិបាលឃើញតែអួត អត់ឃើញអីសោះ មកពីយើងមិនព្រមបើកភ្នែកមើល ខ្ញុំទៅសម្ពោធរោងចក្រ Toyota ក្រុមហ៊ុនវិនិយោគបង្កើតការងារមួយថ្ងៃៗ ក្រសួងការងារដាក់ Dashboard (ផ្ទាំងគ្រប់គ្រង) ៥ម៉ឺននាក់ត្រូវការបុគ្គលិក រុញទៅដើម្បីបង្កើតជាប្រចាំ” ។
ក្នុងនោះដែរ សម្តេចធិបតី គូសបញ្ជាក់បន្ថែមថា “មានរោងចក្របិទយើងទទួលស្គាល់ តែមានរោងចក្រច្រើនបើកដូចគ្នា ប្រទេសទាំងអស់ដូចគ្នា តែយើងមិននៅស្ងៀមទេ យើងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើងបន្ថែមទៀត តាមរយៈការដាក់ចេញគោលនយោបាយជាក់ស្តែង ហើយមួយធំបំផុតគឺធនធានមនុស្ស” ។
ជាមួយគ្នានេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកអំពីការចរចាបញ្ចប់ លើការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនី BYD របស់ចិន ដែលអាចនឹងមកដល់នៅឆ្នាំក្រោយផងដែរ ខណៈកម្ពុជា ក៏កំពុងមានដំណើរការរោងចក្រផលិតរថយន្តរបស់ជប៉ុន Toyota និងក្រុមហ៊ុនរថយន្តរបស់អាម៉េរិក Ford ជាដើម ។
សម្តេចធិបតី មានប្រសាសន៍ថា “ក្រុមហ៊ុន BYD អាចដឹងហើយ ក្រុមហ៊ុនយក្សរបស់ចិន ដូច Tesla របស់អាម៉េរិក កំពុងតែចរចាចុងក្រោយ ដែលគ្រោងមកក្នុងឆ្នាំក្រោយ”៕

អត្ថបទដែលជាប់ទាក់ទង